ភ្នំពេញ ៖ រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរមីនជាសេនាធិការបានខិតខំប្រឹងប្រែងក្នុងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលជាសំណល់នៃសង្រ្គាមរ៉ាំរ៉ៃ ដែលបានញាំញីប្រទេសជាតិយើង អស់រយៈពេលជាង ៤ទសវត្សរ៍មកហើយ។ រហូតមកទល់ពេលនេះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែជាកង្វល់ដ៏ធំមួយសម្រាប់រាជរដ្ឋាភិបាល ដែលម្យ៉ាង សំណល់សង្រ្គាមទាំងអស់នោះបានសម្លាប់ជីវិត និងធ្វើំឱ្យមានពិការភាពដល់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនពាន់នាក់រៀងរាល់ឆ្នាំ និងម្យ៉ាងទៀតក៏បានធ្វើឱ្យខាតបង់ផ្ទៃដីដាំដុះរាប់ពាន់ គីឡូម៉ែត្រក្រឡា។ នេះជាការថ្លែងបញ្ជាក់ដោយ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោកបានថ្លែងបន្តថា, ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លាហានរបស់ក្រុមការងារអ្នកដោះមីន ក្នុងការចូលរួមបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល ដែលបានធ្វើការលះបង់ខ្ពស់ និងប្រថុយប្រថានជីវិតបំផុតក្នុងការងារដ៏គ្រោះថ្នាក់នេះ។ តាមរយៈសមត្ថភាពរបស់បងប្អូន កម្ពុជាក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈវត្តមានអ្នកដោះមីនកម្ពុជានៅក្នុងបណ្តាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសមួយចំនួនដែលមានជម្លោះប្រដាប់អាវុធ។
ឆ្ពោះទៅមុខ ជាមួយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់មីនឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ គឺទាមទារឱ្យមានការចូលរួមចំណែកទាំងអស់គ្នាទាំងធនធាន សម្ភារៈ និងស្មារតីដល់អាជ្ញាធរមីន ដើម្បីយើងអាចសម្រេចបានគោលដៅដ៏មានសារៈសំខាន់មួយនេះ ៕
ដោយ ៖ សហការី