ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសកម្ទេចប្រព័ន្ធមីស៊ីល HIMARSចំនួន៤គ្រឿងដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២២ខែកក្កដាបានប្រកាសថា កម្លាំងទាហានប្រទេសនេះបានបំផ្លាញប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន។
តាមសារព័ត៌មាន TASS បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបញ្ជាក់ថា ក្នុងរយៈពេល២សប្តាហ៍ កម្លាំងទាហានបានបំផ្លាញប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងរបស់អាមេរិក។
ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២០ ខែកក្កដា ប្រព័ន្ធមីស៊ីល HIMARS ផលិតដោយអាមេរិកបានបញ្ជូនទៅឱ្យអ៊ុយក្រែន ដែលជាប្រព័ន្ធមីស៊ីល វាយប្រហារបានចំគោលដៅខ្ពស់ ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះដែរ សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា គ្មានឡើយបទឈប់បាញ់ជាមួយរុស្ស៉ី បើអ៊ុយក្រែនមិនអាច ដណ្ដើមយកទឹកដីដែលបាត់បង់ត្រឡប់មកវិញទេនោះ ហើយបទឈប់បាញ់របៀបនេះនឹងមានតែអូសបន្លាយសង្រ្គាមប៉ុណ្ណោះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal កាលពីថ្ងៃសុក្រកន្លងមកនេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «បទឈប់បាញ់ជាមួយសហព័ន្ធរុស្ស៉ី គឺមានន័យស្មើនឹងការសម្រាក ដែលនឹងទុកពេលឱ្យសហព័ន្ធរុស្ស៉ីមានពេលសម្រាកតែប៉ុណ្ណោះ»។ លោកបន្ថែមថា ប្រជាជនអ៊ុយក្រែនជឿជាក់ថា ទឹកដីដែលបានបាត់បង់ត្រូវតែយកមកវិញទាំងអស់ជាមុនសិន ទើបអ៊ុយក្រែនអាចចរចាពីអ្វីដែលត្រូវធ្វើ ហើយថាតើត្រូវបន្ត រស់នៅយ៉ាងដូចម្ដេចនៅក្នុងពេលរាប់សតវត្សទៅមុខ។
បើតាមលោក ហ្សេលេនស្គី បច្ចុប្បន្នអ៊ុយក្រែនត្រូវការបំផុតនោះគឺប្រព័ន្ធការពារដែនអាកាសដែលអាចទប់ស្កាត់ការវាយប្រហារដោយមីស៊ីលចម្ងាយឆ្ងាយរបស់រុស្ស៉ីលើទីក្រុងនានារបស់អ៊ុយក្រែន ដែលស្ថិតនៅឆ្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិសង្រ្គាម។ ម្យ៉ាងវិញទៀត លោកក៏បានព្រមានដែរថា បទឈប់បាញ់មួយដែលអនុញ្ញាតឱ្យរុស្ស៉ីបន្តកាន់កាប់ទឹកដីអ៊ុយក្រែនចាប់តាំងពីសង្រ្គាមឈ្លានពានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក មានតែជំរុញឱ្យជម្លោះរាលដាលកាន់តែធំ ហើយផ្ដល់ឱកាសឱ្យទីក្រុងមូស្គូបំពេញ និងបំពាក់អាវុធឡើងវិញសម្រាប់ដំណាក់កាលបន្ទាប់៕ ដោយ៖ ធីរីណា

រូបថត៖ TASS


ចែករំលែក៖