ភ្នំពេញ ៖ ទីបំផុត ! ក្រុមការងារសង្កាត់បឹងទំពន់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល បានចុះមកដល់ទីតាំងផ្ទះ ស្រ្តីដែលមានការពាក់ព័ន្ធ ជាមួយអ្នកជំងឺជាជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញថាមានជំងឺអុតស្វា ចំនួន២នាក់ ត្រូវបាន អាជ្ញាធររកឃើញ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី ២៤ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិតនៅបន្ទប់ជួល ។
សូមបញ្ជាក់ថា, នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានអំពាវនាវដល់បុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ពណ៌មាស ត្រូវចូលខ្លួនជាបន្ទាន់ដើម្បីធ្វើការពិនិត្យសុខភាព ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានបន្ដទៀតថា បន្ទាប់ពីធ្វើការសួរនាំជនជាតិនីហ្សេរីយ៉ា បាននិយាយថា រូបគេបានមកដល់ផ្ទះសំណាក់ពណ៌មាសនេះ នៅវេលាម៉ោង០៥៖២០នាទី ដោយជិះកង់បីឥណ្ឌាមួយគ្រឿង មានបុរសម្នាក់ជាម្ចាស់អ្នកឌុប និងស្ដ្រីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។ ពេលមកដល់បានមួយសន្ទុះ ពោលនៅវេលាម៉ោង០៥៖៤០នាទី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
សូមបញ្ជាក់ថា, បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ ដោយសារសមត្ថកិច្ចមិនអាចទៅធ្វើការសួរនាំក្បែរអ្នកជំងឺអុតស្វានេះបាន ដូច្នេះអត្តសញ្ញាណ ឬប្រព័ន្ធទំនាក់ទំនងជាមួយបុគ្គលទាំង២នាក់ខាងលើ មិនទាន់កំណត់បាននោះឡើយទេ ដូច្នេះហើយ នាយឧត្តមសេនីយ៍ ក៏សូមធ្វើការអំពាវនាវឲ្យសាម៉ីខ្លួន ត្រូវចូលខ្លួនដើម្បីពិនិត្យសុខភាពបន្ទាន់។
សូមជម្រាបថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រលប់នេះបានបង្ហោះលើផេក facebook ថា, សូមកោតសរសើរសមត្ថកិច្ចយើង ដោយមានការចូលរួមសហការពីប្រជាជនយើង រហូតស្រាវជ្រាវតាមរកឃើញ ជនបរទេសម្នាក់ មានជំងឺឆ្លងអុតស្វា តែគ្មានសីលធម៌ទទួលខុសត្រូវ អាចចម្លងនិងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាជនយើង។ ជនបរទេសនេះឈ្មោះ Osmond Chihazirim Nzerem អាយុ២៧ឆ្នាំ រកឃើញនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវបាននាំយកទៅអនុវត្តវិធានការសុខាភិបាល។ យើងចងចាំថា មានបរទេសល្អ ហើយក៏មានបរទេសអាក្រក់ ដែលអាចជ្រៀតចូលបំផ្លាញមកសុខភាពប្រជាជន និងសង្គមជាតិយើង ដែលយើងត្រូវមានស្មារតីរលឹកដឹងជាប្រចាំ ហើយចូលរួមការពារសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រទេសជាតិយើងលើគ្រប់ករណី។
មុនដល់ការឃាត់ខ្លួនជនខាងលើ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា, អុតស្វាមកដល់ថៃហើយ ! អាជ្ញាធរថៃកំពុងតាមប្រមាញ់បុរសសញ្ជាតិនីហ្សេរីយ៉ា អាយុ ២៧ ឆ្នាំម្នាក់ ឈ្មោះ Osmond Chihazirim Nzerem ដែលកើតរោគអុតស្វា តែបានបាត់ខ្លួនមិនអាចទាក់ទងបាន – ក្នុងរូប មន្ត្រីពេទ្យក្នុងខេត្តភូកេត សម្អាតខុនដូដែលឈ្មោះ Osmond បានស្នាក់នៅ។
សូមបញ្ជាក់ថា, ជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ពណ៌មាស ត្រូវចូលខ្លួនជាបន្ទាន់ដើម្បីធ្វើការពិនិត្យសុខភាព ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចបញ្ជូនមកកាន់មន្ទីរពេទ្យរុស្ស៊ីទាំងយប់ ដូច្នេះអ្នកដែលពាក់ព័ន្ធ គួរចូលខ្លួនតាមការអំពាវនាវរបស់មត្ថកិច្ច៕
ដោយ ៖ សិលា