ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូអាមេរិកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ហើយសន្យាផ្តល់ជំនួយអាវុធបន្ថែម

ចែករំលែក៖

តំណាងរាស្ត្រ Adam Smith បានដឹកនាំគណៈប្រតិភូអាមេរិក បំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ដោយបានសន្យាថានឹងផ្តល់ជំនួយអាវុធបន្ថែមដល់ប្រទេសនេះ។
គណៈប្រតិភូខាងលើដែលមានមានវត្តមានលោក Adam Smith ប្រធានគណៈកម្មការទទួលបន្ទុកវិស័យការពារជាតិនៃសភាតំណាងរាស្រ្តអាមេរិក បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួននៅជុំវិញពិភពលោកបានឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច យោធា និងមនុស្សធម៌»។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា «យើងនឹងបន្តរិះរកមធ្យោបាយ ដើម្បីផ្តល់ការជ្រោមជ្រែងដល់លោកប្រធានាធិបតី ហ្សេលេនស្គី និង ប្រជាជនអ៊ុយក្រែនប្រកបដោយប្រសិទ្ធភាពតាមធ្វើទៅបាន ស្របពេលដែលពួកគេកំពុងបន្តតស៊ូជម្នះ យ៉ាងអង់អាចក្លាហាន»។ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខការពារជាតិអាមេរិកបានប្រកាសថា ទីក្រុងវ៉ាស៉ីនតោននឹងបញ្ជូនប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែត៤គ្រឿងទៀតឱ្យអ៊ុយក្រែន ដែលធ្វើឱ្យចំនួនសរុបកើនដល់១៦គ្រឿង។
សម្រាប់សេចក្តីថ្លែងការណ៍របស់ប្រតិភូអាមេរិកវិញ គឺមិនមានការលើកឡើងចំៗណាមួយអំពីការប្រគល់សព្វាវុធឡើយ។ ប៉ុន្តែដាច់ដោយឡែក លោក Smith ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបស្រង់សម្តីថា ទីក្រុងវ៉ាស៉ីនតោននិងសម្ព័ន្ធមិត្ត ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតបន្ថែមទៀតដល់ទីក្រុងកៀវ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ REUTERS​)


ចែករំលែក៖