ព័ត៌មានទាន់ហេតុការណ៍៖

Neymar ទទូចចង់បន្តនៅ PSG ប៉ុន្តែអ្នកគ្រប់គ្រងក្លិបមិនទាន់ច្បាស់ពីការផ្ទេរ

ចែករំលែក៖

ខ្សែប្រយុទ្ធ Neymar និយាយថា គាត់ចង់បន្តនៅក្លិប Paris Saint-Germain ហើយក្លិបមិនបានប្រាប់គាត់ថា ពួកគេចង់ឱ្យគាត់ចាកចេញនៅរដូវក្តៅនេះទេ ទោះបីជាអ្នកគ្រប់គ្រងរបស់គាត់បានសារភាពថា គាត់មិនដឹងថានឹងមានអ្វីកើតឡើងជាមួយកីឡាករប្រេស៊ីលរូបនេះក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនោះទេ។

បន្ទាប់ពី Kylian Mbappe បានផ្លាស់ប្តូរគំនិតរបស់គាត់យ៉ាងភ្ញាក់ផ្អើលក្នុងការផ្លាស់ប្តូរទៅកាន់ក្លិប Real Madrid និងស្នាក់នៅទីក្រុងប៉ារីសនោះអនាគតរបស់ Neymar ត្រូវបានចោទជាសំណួរផងដែរ។

ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិប Chelsea និង Manchester City ប៉ុន្តែមិនមានការដេញថ្លៃណាមួយបានកើតឡើងសម្រាប់កីឡាករវ័យ៣០ឆ្នាំរូបនេះនោះទេ។

អតីតតារាឆ្នើមរបស់ Barcelona រូបនេះបានជំនួសតំណែង Mbappe ក្នុងការប្រកួតមិត្តភាពលើក្រុម Urawa Red Diamonds កាលពីថ្ងៃសៅរ៍ និងរកបាន២គ្រាប់ក្នុងការប្រកួតជាមួយក្រុមជប៉ុន Gamba Osaka កាលពីថ្ងៃចន្ទ ហើយបាននិយាយអំពីអនាគតរបស់គាត់បន្ទាប់ពីការប្រកួតដោយទទូចថា គាត់មិនមានចេតនាចាកចេញទេ ខណៈក្លិបក៏មិនបានផ្តល់យោបល់ថាពួកគេចង់ឱ្យគាត់ចាកចេញផងដែរ។

Neymar បាននិយាយបន្ទាប់ពីជ័យជម្នះ ៦-២ នៅប្រទេសជប៉ុនថា “ខ្ញុំនៅតែចង់នៅទីនេះជាមួយក្លិប។ រហូតមកដល់ពេលនេះក្លិបមិនទាន់និយាយអ្វីមកខ្ញុំទេ ដូច្នេះខ្ញុំមិនដឹងថា ផែនការរបស់ពួកគេសម្រាប់ខ្ញុំបែបណានោះទេ។ ខ្ញុំ​មិន​ចាំ​បាច់​បង្ហាញ​ខ្លួន​ឯង​ដល់​អ្នក​ណា​ទេ ខ្ញុំ​គ្រាន់​តែ​ត្រូវ​ការ​លេង​បាល់​ទាត់ ហើយ​ខ្ញុំ​ត្រូវ​តែ​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​បាល់​ទាត់​”។

អ្នកចាត់ការថ្មីរបស់ក្លិប PSG លោក Christophe Galtier មិនសូវមានសុទិដ្ឋិនិយមទេ ហើយបានសារភាពថា គាត់មិនដឹងថា តើ Neymar នឹងបន្ត ឬទៅនៅរដូវក្តៅនេះទេ។

លោក Galtier បាននិយាយថា “តើនឹងមានអ្វីកើតឡើងនាពេលអនាគតដ៏ខ្លីនៅពេលទីផ្សារដោះដូរកីឡាករបិទ ខ្ញុំមិនដឹងទេ។ យើងប្រកាសថា គាត់នឹងចាកចេញ យើងប្រកាសថា គាត់ស្នាក់នៅ ខ្ញុំមិនបាននិយាយជាមួយ Neymar អំពីរឿងនេះទេ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​មិន​ខ្វល់​ពី​អ្វី​ដែល​គេ​និយាយ​អំពី​គាត់ និង​ស្ថានភាព​របស់​គាត់​នៅ​ក្លិប​នោះ​ទេ” ៕

ដោយ៖ ភារៈ(រូបភាព ៖ metro.com)


ចែករំលែក៖