ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងមួយចំនួននៅក្នុងប្រទេសចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុត ដោយសារក្តៅខ្លាំង

ចែករំលែក៖

ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ ចិនក៏ត្រូវប្រឈមនឹងសីតុណ្ហភាពក្តៅខ្លាំងមិនធ្លាប់មានពីមុនមក។ មានទីក្រុងជិត៧០នៅក្នុងប្រទេសចិនមានសីតុណ្ហភាពកើនឡើងដល់ទៅ៤០អង្សាសេដែលជាកម្រិតខ្ពស់បំផុត។
មិនខុសអ្វីពីតំបន់អឺរ៉ុប អាមេរិក នោះឡើយ ចិននៅពេលនេះក៏ត្រូវប្រឈមនឹងរលកកម្តៅខ្លាំងក្នុងខែកក្កដានេះដែរ ។ ក្រសួងព្យាករណ៍អាកាសធាតុចិននៅថ្ងៃទី២៥ខែកក្កដាបានប្រកាសអាសន្នកម្រិតក្រហម គឺជាកម្រិតខ្ពស់បំផុតនៅ៦៧ទីក្រុងក្នុងប្រទេសដែលមានសីតុណ្ហភាពកើនឡើងដល់៤០អង្សាសេ។
កម្តៅនៅក្នុងប្រទេសចិននាពេលនេះ គឺខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦១មក ។ ក្រៅពីទីក្រុងដែលប្រកាសអាសន្ន នៅមានទីក្រុង ស្រុកជាង៤០០ទៀតនៅប្រទេសចិនក៏មានសីតុណ្ហភាពជាង ៣៥អង្សាសេផងដែរ ។ កាលពីដើមខែកក្កដា ទីក្រុងសៀងហៃមានសីតុណ្ហភាពកើនឡើងដល់ទៅ៤០,៥អង្សាសេ ដែលជាកម្រិតប្រវត្តិសាស្ត្រមិនធ្លាប់មាន តាំងពីឆ្នាំ១៨៧៣មក។
ក្រសួងព្យាករណ៍អាកាសធាតុចិនបានប្រកាសថាពេលវេលា«Sanfu» គឺជាពេលវេលាក្តៅបំផុតប្រចាំឆ្នាំ មានរយៈពេលប្រមាណ១០ថ្ងៃ ប៉ុន្តែឆ្នាំនេះអាចអូសបន្លាយដល់ទៅ ៤០ថ្ងៃ។ ក្នុងរដូវក្តៅនេះពលរដ្ឋបាននាំគ្នាទៅលេងនៅកន្លែងមានទឹក មានសួនបាញ់ទឹក ឆ្នេរសមុទ្រជាដើម ដើម្បីកាត់បន្ថយកម្តៅ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ពាក់ព័ន្ធនឹងការក្តៅខ្លាំងនោះឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP


ចែករំលែក៖