ភ្នំពេញ ៖ នេះបើយោងតាម ប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា, នាព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា វគ្គសិក្សានេះ មានគោលបំណងពង្រឹងវិជ្ជាជីវៈនគរបាលជាតិ លើកកម្ពស់ការងារដឹកនាំ គ្រប់គ្រងនៅតាមអង្គភាព ដោយបណ្ឌិត្យសភានគរបាលជាតិ បានរៀបចំកម្មវិធីសិក្សាយ៉ាងល្អឆ្លើយបតទៅនឹងតម្រូវការនៃអង្គភាពសាម៉ី មួយវិញទៀត កម្មវិធីសិក្សានេះ នឹងបំពេញបន្ថែមទៅលើជំនាញនគរបាលជាមូលដ្ឋានទៅដល់នគរបាលទាំងអស់ដែលមិនធ្លាប់បានឆ្លងកាត់វគ្គសិក្សា។
ជាមួយគ្នានោះដែរ តំណាងសិក្ខាកាម ដែលបានបញ្ចប់វគ្គនាពេលនេះ បានធ្វើការប្ដេជ្ញាចិត្ត ថា បំពេញភារកិច្ចឥតងារេបំម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា, អនុវត្តតាមរាល់អនុសាសន៍ណែនាំដ៏ខ្ពងខ្ពស់របស់សម្តេចក្រឡាហោម ហើយយកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលទទួលបានពីការបណ្តុះបណ្តាលនេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពសម្រាប់អង្គភាព និងឧត្តមប្រយោជន៍សង្គមជាតិ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្តាំផ្ញើរថា ការដាក់ឱ្យដំណើរការវគ្គសិក្សានេះ គឺជាសក្ខីភាពបង្ហាញអំពីការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចក្រឡាហោម បានចាត់ទុកថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹង គ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនោះ សម្តេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យបន្តការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិ ស្របតាមស្ដង់ដាគុណភាពដែលបានកំណត់ និងផ្ដាំផ្ញើដល់សិក្ខាកាមដែលទទួលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដែលទទួលបានពីវគ្គសិក្សានេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការងារបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ៕
ដោយ ៖ សិលា