ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការភ្ញាក់ផ្អើលថ្ងៃបង្ហាញមុខកញ្ញាឯកកំពូលសម្រស់Miss Grand Cambodia 2022

ចែករំលែក៖

     ភ្នំពេញ៖ ទីបំផុតព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំ Miss Grand Cambodia 2022 បានប្រកាសបើកដំណើរការជាផ្លូវហើយ ដែលគ្រាន់តែប្រកាសធ្វើសន្និសីទសារព័ត៌មានភ្លាមគឺមានភាពគគ្រឹកគគ្រេងតែម្តង នៅសណ្ឋាគារលំដាប់ផ្កាយ៥ Rosewood ជាន់ទី៣៦ នៃអគារវឌ្ឍនៈកាពីតាល់ ក្រោមវត្តមានអ្នកជំនួញធំៗ និងសិល្បករសិល្បការិនី ពិសេសការបង្ហាញមុខបេក្ខភាពកញ្ញាឯកទាំង៣៥រូបដ៏ស្រស់សោភា អមដោយការតុបតែងខ្លួនបែបប្រពៃណីខ្មែរយ៉ាងស័ក្តិសមបំផុត។ 

    លោក អុិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានបញ្ជាក់ថាក្រុមហ៊ុនរបស់លោកពិតជាមានមោទនភាពណាស់ដែលទទួលបានឱកាសរៀបចំកម្មវិធី ដោយត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះគឺអាចសាងភាពលេចធ្លោលើឆាកជាតិនិងអន្តរជាតិ ហើយឆ្នាំនេះពិតជាពិសេសខ្លាំងណាស់ដែលកម្មវិធីមានការចូលរួមប្រកួតពីបេក្ខភាពស្រស់សោភាជាច្រើន និងទទួលបានការជួយជ្រោមជ្រែងពីម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើនផងដែរ។ លោកជឿជាក់ថា កម្មវិធីឆ្នាំនេះនឹងកាន់តែធំ ហើយទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង និងរំពឹងថា នឹងអាចរកបានបេក្ខភាពដ៏ស័ក្កិសមចេញទៅប្រកួតលើឆាកអន្តរជាតិ។

  កញ្ញា ពេជ្រ វត្តីសាវឌ្ឍី ដែលជាបេក្ខភាពម្នាក់ក្នុងកម្មវិធីនេះបានបញ្ជាក់ថា នាងពិតជារីករាយណាស់ដែលទទួលបានឱកាសឡើងឆាកប្រកួតជាថ្មីបន្ទាប់ពីសំងំហ្វឹកហាត់លើការដើរបង្ហាញម៉ូដ ថែរក្សាសម្រស់។ នាងជាតំណាងឱ្យខេត្តព្រះសីហនុដែលជាទឹកដីកំណើតរបស់នាង នាងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការប្រកួតមួយនេះ ហើយប្រសិនបើនាងក្លាយជាម្ចាស់មកុដមែននាងនឹងបន្តប្រឹងប្រែងយកមុខមាត់ជាតិទៅបង្ហាញលើឆាកអន្តរជាតិ។ 

  ចំណែកកញ្ញាហង្ស សូរិយ៉ាន់ បេក្ខភាពតំណាងខ្មែរកម្ពុជាក្រោមវិញបានបញ្ជាក់ថា នាងពិតជារីករាយដែលទទួលបានឱកាសបង្ហាញសមត្ថភាពនិងសម្រស់ជាថ្មីលើឆាកប្រកួតដ៏ធំមួយនេះ ហើយនាងនៅតែជឿជាក់លើសមត្ថភាពនាងដែលបានខិតខំហ្វឹកហាត់ជាយូរមកហើយ និងអរគុណសម្រាប់ការផ្តល់ជាកម្លាំងចិត្តសម្រាប់នាងផងដែរពីសំណាក់អ្នកគាំទ្រ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖