ព័ត៌មានទាន់ហេតុការណ៍៖

លោក ឆាយ សុផល ៖ ពូនផ្តុំពុទ្ធិផ្នែកជំនាញ (ដំណឹងនិងព័ត៌មាន) សម្រាប់តម្រង់ទិសសតិសង្គម!

ចែករំលែក៖

ភ្នំពេញ ៖ អ្នកសារព័ត៌មានអាជីព ពិសេសក្នុងយុគ្គសម័យ Digital ត្រូវបន្តការសិក្សា រៀនសូត្រ តាមរយៈការអាន ស្តាប់ និង ស្រាវជ្រាវដូចភ្លៀងរលឹម ដើម្បីពូនផ្តុំពុទ្ធិផ្នែកជំនាញ (ដំណឹងនិងព័ត៌មាន) សម្រាប់តម្រង់ទិសសតិសង្គម! នេះជាសំណេររបស់ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ ។ 

អនុរដ្ឋលេខាធិការ បានលើកឡើងថា, ប្រសិនបើពុទ្ធិអ្នកសារព័ត៌មានទាបឬអន់ជាងអ្នកទទួលព័ត៌មាន នោះតម្លៃរបស់ខ្លួនក៏មិនខ្ពស់ដែរ ខណៈការកើនឡើងនៃក្រុមអ្នកជ្រុលនិយម ក្រុមអ្នកនយោបាយ និងសកម្មជននយោបាយ ដោយបង្កើតបណ្តាញផ្សព្វផ្សាយ ជា ពិសេសតាមរយៈអ្នកសារព័ត៌មានពលរដ្ឋ ដើម្បីបម្រើប្រយោជន៍ក្រុមរបស់ខ្លួន។

សូមបញ្ជាក់ថា, លោក ឆាយ សុផល ជាអ្នកកាសែតអាជីពប្រកបដោយវិជ្ជាជីវៈ សីលធម៌ ចូលចិត្តនិពន្ធសៀវភៅប្រវត្តិថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកវិជ្ជាជីវៈសារព័ត៌មានដោយជំនាញផងដែរ ។ លោកបានបំពេញការងារជាអ្នកសារព័ត៌មានជាច្រើនឆ្នាំ មុនឡើងតួនាទីជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ 

ដោយឡែក លោក ហ៊ុយ វណ្ណ: រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) អតីតជាអ្នកសារព័ត៌មានមួយរូប ទាំងក្នុងនិងក្រៅប្រទេស ទទួលស្គាល់ពីសមត្ថភាព ចំណេះដឹង បទពិសោធន៍ វិជ្ជាជីវៈ ខណៈនោះលោកមានឈ្មោះបោះសំឡេង ល្អក្នុងសង្គម និងក្នុងវិស័យសារព័ត៌មាន ។ ថ្មីៗនេះ, លោកបានសំណេរយ៉ាងខ្លី ប៉ុន្តែមានន័យជ្រៅ របៀប”ស្ងោរសាច់មិនឱ្យក្តៅទឹក ឬវាយអោយក្រំ តែមិនអោយចេញឈាម” សំដៅទៅលើអ្នកសារពត៌មានជ្រុលនិយម បម្រើឲ្យជនបរទេស ដែលលោកសំណេរយ៉ាងដូច្នេះថា, 

ទូន្មានប្អូនៗក្នុងនាមខ្មែរបន្តិចទៅចុះ! ពួកប្អូនៗចង់បាន «សេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ» ប៉ុន្តែ ទង្វើពួកប្អូនៗខ្លួនឯង ទាំងអ្នកផ្សាយ ទាំងអ្នកអធិប្បាយ បែរជា ងងឹតវិចារណញាណ និងមានសុជីវធម៌ទាប ផ្សាយទាំងងងឹតឈឹង ផ្សាយខុសទាំងស្រុង ហើយគ្មានសួរ បង សូម្បី១ម៉ាត់ ដើម្បីផ្ទៀងផ្ទាត់។ ក្បួនកាសែត គេនិយាយអំពី «ការពិត សុច្ចរិតភាព និង តុល្យភាព» ហើយបើសូម្បីគោលការណ៍៣ចំណុចនេះ ភ្លេចខ្លួនធ្វើមិនបានផង តើប្អូនមានឧត្តមគតិរឹងប៉ឹងរបៀបណា ដើម្បីការពារផលប្រយោជន៍ខ្មែរ? ហើយ ថ្នាក់ដឹកនាំយើង ដែលផ្តល់ជំនួយផ្ទាល់ខ្លួននិងពីសប្បុរសជនជាខ្មែរ ដល់ការងារសម្រាប់សង្គមជាតិយើងគឺជាផ្នែកមួយ ហើយគួរចងចាំថា ថ្នាក់ដឹកនាំយើងដែលមានគុណសង្គ្រោះអាយុជីវិតឪពុកម្តាយប្អូនៗនិងប្រទេសជាតិ គឺរឹតតែធំធេងជាងនេះ។ ចំពោះ បង ដែលធ្លាប់ធ្វើឆ្មបបង្កើតអង្គភាពរបស់ប្អូនៗ សូមទូន្មានប្អូនៗថា៖ «បង មិនឯករាជ្យចេញពីផលប្រយោជន៍ខ្មែរនោះទេ»

លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) ហ៊ុយ វណ្ណៈ បានលើកជាទស្សនៈជាតិនិយមថា, «សាមគ្គីជាតិ និងកម្លាំងជាតិរបស់យើងរឹងមាំ មានដំណើរយ៉ាងណា?»។ កម្ពុជា បានកែប្រែពីឥរិយាបទ នៃការប្រឈមដោយប្រដាប់អាវុធក្នុងការដោះស្រាយបញ្ហា មកកាន់បរិយាកាសការផ្លាស់ប្តូរសម្តីទស្សននិងនិន្នាការ បន្តឆ្ពោះទៅពង្រឹងឱ្យបាននូវវប្បធម៌សន្ទនារ ឆ្ពោះទៅការបង្ហាញសមត្ថភាពនិងលទ្ធផលជាក់ស្តែង និងឆ្ពោះទៅចេះធ្វើកិច្ចសហការគ្រប់ជ្រុងជ្រោយ។ នេះគឺជាដំណើរដ៏វែងឆ្ងាយ ដើម្បីបង្កើតបាននូវគុណភាពសង្គមបែបនេះ ហើយដែលយើងខិតខំប្រឹងប្រែងបន្តពីមូលដ្ឋានដែលមានស្រាប់ និងការពង្រឹងបន្ថែមនូវ៖ •កត្តាសង្គមសុខសន្តិភាព • មូលដ្ឋាននៃការអប់រំកាន់តែប្រសើរ • បន្ថយឱ្យអស់នូវឥទ្ធិពលមនោគមន៍វិជ្ជាបរទេស • និងកសាងឱ្យបាននូវពលរដ្ឋប្រកបដោយការឆ្នៃប្រឌិត ការតស៊ូ សុជីវធម៌ និងការទទួលខុសត្រូវ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖