រុស្ស៊ីនឹងបញ្ចប់កិច្ចសហប្រតិបត្តិការរយៈពេល២ទសវត្សរ៍កន្លងមក រវាងអាមេរិកជាមួយនឹងរុស្សី ក្រោយសហការគ្នាបង្កើតស្ថានីយអវកាសអន្តរជាតិ ISS ក្រោយបញ្ចប់សង្គ្រាមត្រជាក់ ។
ប្រធាននាយកដ្ឋានរបស់អង្គការអវកាសរុស្ស៊ី Roscosmos លោក យូរី បូរីសូវ(Yuri Borisov) នៅថ្ងៃទី២៦ខែកក្កដាបានប្រកាសថា វិស័យអវកាសរបស់រុស្ស៊ីនឹងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិនៅឆ្នាំ២០២៥ ។
តាមរបាយការណ៍ផ្ញើទៅកាន់ប្រធានាធិបតីពូទីន នៅក្នុងកិច្ចប្រជុំនៅវិមានក្រឹមឡាំង នាថ្ងៃទី២៦ខែកក្កដា លោកយូរី បូរីសូវ បានបញ្ជាក់ថា អង្គការអវកាសនឹងបំពេញរាល់ភារកិច្ចជាមួយប្រទេសដៃគូនៅក្នុងស្ថានីយអវកាសអន្តរជាតិ ISS រួចដកខ្លួនចេញនៅក្នុងឆ្នាំ២០២៥។
លោកយូរី បូរីសូវ បន្តទៀតថា «ខ្ញុំយល់ឃើញថា ដល់ពេលដែលត្រូវបង្កើតស្ថានីយដាច់ដោយឡែករបស់រុស្ស៊ីហើយ»។
តាមគម្រោងរបស់លោកយូរី បូរីសូវ ជើងហោះហើរយានអវកាសមានមនុស្សបើករបស់រុស្ស៊ីគឺជាផ្នែកមួយនៃកម្មវិធីវិទ្យាសាស្ត្រជាប្រព័ន្ធ។ នៅពេលនេះដែរ លោក Dmitry Rogozin អតីតអគ្គនាយកអង្គការអវកាសរុស្ស៊ី ធ្លាប់បាននព្យាករថារុស្ស៊ីនឹងបន្តសហការនៅស្ថានីយអវកាសដល់ឆ្នាំ២០៣០ ។
នៅឆ្នាំ១៩៩៨ ស្ថានីយអវកាសអន្តរជាតិត្រូវបានបង្កើតរួមគ្នារវាងប្រទេសរុស្ស៊ី អាមេរិក ជប៉ុន កាណាដា និងអឺរ៉ុប ។ ស្ថានីយនោះបែងចែកចេញជាពីរកំណាត់ដាច់ដោយឡែក ដោយផ្នែកខាងក្រោយគ្រប់គ្រងដោយអាមេរិក៕ ដោយ៖ ធីរីណា
រូបថត ៖ NASA