ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអាសាឍ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមការណែនាំ និងដឹកនាំផ្ទាល់របស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបព្រមទាំងក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ដោយពិនិត្យឃេីញជារួម ៖
-ដោយមួយរយៈពេលនេះ នៅផ្នែកខាងលេីនៃផ្ទៃរងទឹកភ្លៀងស្ទឹងព្រែកត្នោត ជាពិសេសនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រេីន ដែលនាំឲ្យមានជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន ។
-ដោយឡែក ចំពោះស្ថានភាពទឹកនៅទំនប់ ៧មករា នៅពេលនេះ មានសភាពធម្មតា ពុំមានចោទបញ្ហាទេ នេះក៏ដោយមានការណែនាំដ៏ខ្ពស់ខ្ពស់ពីលោករដ្ឋមន្ត្រី លេីប្រតិបត្តិការបេីក-បិទទ្វារទឹក ក្នុងការបញ្ចៀស និងកាត់បន្ថយជំនន់ ។
-ក្រុមការងារបានបន្តពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងទឹកជំនន់ស្ទឹងព្រែកត្នោត មានដូចជា ការងាររៀបចំការពារសណ្តរស្ទឹងព្រែកត្នោតផ្នែកខាងក្រោមទំនប់ ៧មករា, ការងារស្តារស្ទឹងតូច ប្រឡាយ៧៨ រួមទាំងសំណង់សិល្បការមួយចំនួន សម្រេចបានប្រមាណ ៦៦ភាគរយហេីយ ។ សូមគូសបញ្ជាក់ថា ការងារទាំងនេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយហានិភ័យជំនន់ស្ទឹងព្រែកត្នោត មកលេីរាជធានីភ្នំពេញ និងខេត្តកណ្តាល ៕
ដោយ ៖ សុខ ខេមរា