ខេត្តសៀមរាប ៖ រំភើបជំនួសប្អូនៗនៅក្នុងវិទ្យាល័យបន្ទាយស្រី ដែលមានឱកាសបានចូលរួមទស្សនាការអនុវត្តផ្ទាល់លើការពិសោធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលត្រូវបានក្រុមការងារនៃក្រសួងអប់រំ យុវជន និងកីឡា នាំយកមកបង្ហាញជូនដល់សាលាផ្ទាល់តែម្តង។ នេះបើយោងតាមការថ្លែងរបស់ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា, ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈលើការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(STEM Education)នៅកម្រិតសាលារៀន កម្មវិធីនេះអនុញ្ញាតឱ្យសិស្សានុសិស្សបានឃើញ ស្វែងយល់ សាកល្បង និងអនុវត្តជាក់ស្តែង លើដំណើរការពិសោធមួយចំនួនទាក់ទងនឹងមុខវិជ្ជាវិទ្យាសាស្ត្រដែលមាននៅក្នុងកម្មវិធីសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យពួកគាត់អាចស្វែងយល់ និងសាកសួរព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យា Robotics និង Coding ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ ឱកាសបែបនេះពិតមានអត្ថន័យធំធេងសម្រាប់សិស្សានុសិស្សនៅតាមទីជនបទដូចជាស្រុកបន្ទាយស្រី ដែលកន្លងមកកម្រនឹងបានឃើញ ឬជួបប្រទះការបង្ហាញផ្ទាល់បែបនេះណាស់។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបន្តថា, កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតរដ្ឋលេខាធិការ អ៊ុម រម្យណី និងឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ សាន វឌ្ឍនា នៃក្រសួងអប់រំ យុវជន និងកីឡា ៕
ដោយ ៖ សិលា