ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបើកឆ្លងផ្លូវទៅប៉ះរថយន្តទំនើបFord Territory រងការខូចខាត រួចបញ្ចប់រឿងត្រឹម១០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius ឆ្លងផ្លូវមិនប្រយ័ត្នបានទៅប៉ះជាមួយរថយន្តស៊េរីទំនើបFord Territory បណ្ដាលឲ្យកូតទ្វាររថយន្តរងការខូចខាត និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ២៧១ កែងផ្លូវលេខ១៩៩ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Territory ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-7079 បើកបរដោយបុរសម្នាក់ និងមានក្មេងចាស់២ទៅ៣នាក់រួមដំណើរជាមួយ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក Toyota Prius ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BN-6225 បានបើកចេញពីផ្លូវ១៩៩ ឆ្លងមកផ្លូវ២៧១  ដោយមិនប្រយ័ត្នក៏បានប៉ះជាមួយរថយន្តស៊េរីទំនើប Ford Territory បណ្ដាលឲ្យកូតទ្វាររថយន្តចំហៀងខាងឆ្វេងរងការខូចខាតគួរសម្យ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរតែប៉ុណ្ណោះ ។

      ក្រោយកើតហេតុ ភាគីទាំងសងខាងបានចុះពីរថយន្តដើម្បីធ្វើការសម្របសម្រួលគ្នាតាមសន្តិវិធី ខណៈដំបូងភាគីរថយន្តស៊េរីទំនើបFord Territory ទារថ្លៃខូចខាតទ្វាររថយន្តចំនួន១៥០ដុល្លារ តែភាគីបង្កសុំចុះថ្លៃ មកត្រឹម១០០ដុល្លារ ក៏ត្រូវរ៉ូវគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖