ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបារម្ភខ្លាចអឺរ៉ុបបាត់បង់សាមគ្គីភាពឈានដល់ការបែកបាក់គ្នា ក្រោយត្រូវរុស្ស៊ីកាត់បន្ថយឧស្ម័នហ្គាស

ចែករំលែក៖

លោក Amos Hochstein ឧបការីទទួលបន្ទុកថាមពលនៅលើពិភពលោករបស់រដ្ឋាភិបាលអាមេរិក បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស និងប្រ៊ុចស៊ែល ដើម្បីពិភាក្សាពីច្បាប់បម្រុងរបស់អាមេរិក និងអឺរ៉ុបក្នុងករណីខ្វះថាមពលហ្គាសនៅរដូវរងា។
តាមសារព័ត៌មាន Tass បានផ្សាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីកង្វះថាមពលហ្គាសនៅរដូវរងាខាងមុខ ដោយសារតែរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ថាមពលដល់ប្រទេសអឺរ៉ុប ដែលអាចនឹងធ្វើឱ្យតំបន់នេះបាត់បង់សាមគ្គីភាព ហើយឈានដល់ការបែកបាក់គ្នា។
បណ្តាញព័ត៌មានទូរទស្សន៍ CNN បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា «ដោយផលប៉ះពាល់ពីកង្វះថាមពលនៅតំបន់អឺរ៉ុប អាចជះឥទ្ធិពលអាក្រក់ដល់អាមេរិក ធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់។ នេះជាមេរៀនដើម្បីធ្វើតេស្តពីសាមគ្គីភាពរបស់សហគមន៍អឺរ៉ុប ដើម្បីប្រឆាំងរុស្ស៊ី»។
នៅក្នុងសប្តាហ៍នេះដែរ ទីក្រុងវ៉ាស៊ីនតោនក៏បានឡើងគម្រោងពិភាក្សាជាមួយប្រទេសតំបន់អឺរ៉ុប ស្តីពីការបង្កើនការផលិតថាមពលអគ្គិសនីដើរដោយថាមពលបរមាណូ ។ ក្នុងពេលនេះដែរ អាមេរិកក៏បានជំរុញឱ្យអាល្លឺម៉ង់លុបចោលគម្រោងផ្អាកការប្រើប្រាស់ថាមពលបរមាណូ ដើម្បីបំពេញតម្រូវការប្រើប្រាស់អគ្គិសនី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP/TTXVN


ចែករំលែក៖