ភ្នំពេញ៖ ប្រជាពលរដ្ឋប្រុសស្រីលោកយាយលោកតាប្រមាណជាង៣០០គ្រួសារដែលបានរស់នៅនិងប្រកបអាជីវកម្មតាមបណ្តោយផ្លូវរថភ្លើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះឥឡូវមានភព្វសំណាងចាប់ឆ្នោតទទួលយកដីស្របច្បាប់ហើយ។
ពិធីចាប់ឆ្នោតយកដីឡូត៍សម្រាប់សង់លំនៅឋានថ្មីនោះធ្វើឡើងនៅក្នុងបរិវេណវត្តទួលអស់លោកកាលពីព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២ក្រោមអធិបតីភាពលោកឯក ឃុនឌឿនអភិបាលខណ្ឌឫស្សីកែវ អភិបាលរងខណ្ឌ មន្រី្តជំនាញ ចៅសង្កាត់និងមេភូមិផងដែរ។
លោកឯក ឃុនឌឿន អភិបាលខណ្ឌបានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុន សែននៅចំពោះមុខប្រជាពលរដ្ឋដែលសម្តេចបានយកចិត្តទុកដាក់ចំពោះប្រជាជន។ លោកបានបន្តទៀតថា ការចាប់ឆ្នោតនាពេលនេះពិតជាត្រឹមត្រូវហើយយុត្តិធម៌ណាស់ ដោយប្រជាជនបានយល់ស្របទាំងអស់គ្នា។
លោកបន្តទៀតថា ក្រោយពីបងប្អូនទទួលបានឯកសាររួចរាល់ហើយ សូមបំពេញលិខិតស្នាមឱ្យបានត្រឹមត្រូវមកមន្រ្តីជំនាញខណ្ឌដើម្បីពន្លឿនប្រព័ន្ធទឹកភ្លើងជូន។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣២០គ្រួសារដែលមានលិខិតសម្រាប់ចាប់ឆ្នោតយកដីទំហំ៤ម៉ែត្រគុណនឹង១៥ម៉ែត្រខាងលើនេះបានលើកម្រាមដៃ១០សំពះថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន និងលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញដែលបានផ្តល់ដីឡូត៍ស្របច្បាប់ជូនប្រជាពលរដ្ឋក្រីក្រសាងសង់លំនៅឋាន។
សូមបញ្ជាក់ទៀតថា ផ្លូវរថភ្លើងកាលពីមុននោះ ឥឡូវនេះប្រែក្លាយមកជាផ្លូវបេតុងដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់បងប្អូននាពេលអនាគតនោះមានទំហំ៦០ម៉ែត្រ តែធ្វើជាដំណាក់កាលៗ ដោយបច្ចុប្បន្នធ្វើទំហំ២០ម៉ែត្រសិន។
ប្រជាពលរដ្ឋទាំង៣២០គ្រួសារខាងលើនេះមកពីសង្កាត់ចំនួន៣ មានសង្កាត់ទួលសង្កែ១ សង្កាត់ឫស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦៕
ដោយ៖អារុណរះ