ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ​ ចេញ​សេចក្តីថ្លែងការណ៍​ គាំទ្រ​ទាំងស្រុង​ចំពោះ​ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ លើក​ទី​១០

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ​  ៖​ នៅ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​នគរបាល​ខេត្ដឧត្តរមានជ័យ​ ព្រមទាំង​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​  បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​គាំទ្រ​ទាំងស្រុង​ ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ លើក​ទី​១០​ របស់​កម្ពុជា​។​

​នៅ​ក្នុង​ញត្តិ​គាំទ្រ​នេះ​ បាន​កត់សម្គាល់​ឃើញ​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​ គឺ​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ​ ធានា​ឱ្យ​ដល់​ស្ថាប័ន​ជាតិ​ ជា​ពិសេស​ រាជរដ្ឋាភិបាល​មានដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ មិន​មានការ​ជាប់​គាំង​ និង​ធានា​បាន​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​។​

   ​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០​នេះ​ ជា​ការ​បំពេញ​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ ដោយ​ពុំ​បាន​ប៉ះពាល់​ដល់​គោលការណ៍​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​ ដូច​ជា​ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ហើយ​ក៏​ពុំ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​ឡើយ​។​

   ​សូម​បញ្ជាក់​ថា​ សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ពី​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ មាត្រា​១៩​ ថ្មី​(​មួយ​)​ មាត្រា​៨៩​ មាត្រា​៩៨​ថ្មី​ មាត្រា​ ១០២​ថ្មី​ មាត្រា​១១៩​ថ្មី​ (​មួយ​)​ និង​មាត្រា​១២៥​ ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ និង​មាត្រា​ ៣​ថ្មី​ និង​មាត្រា​ ៤​ថ្មី​ នៃ​ច្បាប់​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ទាំងស្រុង​ក្រោម​សំឡេង​ ១០៥​ លើ​១០៦​ ក្នុង​សម័យប្រជុំ​ពេញ​អង្គនា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២២៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖