ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធបានចាប់ផ្តើមថ្ងៃនេះនៅភ្នំពេញ!
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា មន្រ្តីជំនាញ និងបុគ្គលិកពាក់ព័ន្ធទាំងឡាយប្រាកដជាបាននិងកំពុងដុតដៃដុតជើងពេញមួយសប្តាហ៍នេះ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ យើងស្នើសុំការយោគយល់ពីបងប្អូនកូនក្មួយនៅភ្នំពេញទាំងអស់ ចំពោះការកកស្ទះចរាចរណ៍ និងការរៀបចំបដិសណ្ឋារកិច្ចនានា។
កាតព្វកិច្ចម្តងក្នុងមួយទស្សវត្សរ៍នេះ នឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់កម្ពុជាក្នុងនាមសមាជិកអាស៊ាន ក៏ដូចជាតួអង្គយ៉ាងសកម្មនៅក្នុងតំបន់នេះ៕
ដោយ៖ស តារា