អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានលើកឡើងថា គួរណាស់តែអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីពូទីន គឺយល់ព្រមបោះបង់ទឹកដីតំបន់គ្រីមៀ យល់ព្រមមិនចូលជាសមាជិកណាតូ …ទាំងនោះអាចបញ្ចៀសរាល់ការវាយប្រហារដោយយោធាពីរុស្ស៊ីទៅលើអ៊ុយក្រែន។
មានប្រសាសន៍នៅក្នុងកម្មវិធី podcast នាពេលថ្មីៗនេះ អតីតប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនក្រោយពេលប្រធានាធិបតីអ៊ុយក្រែន ថតរូបដាក់នៅលើទស្សនាវដ្តី Vogue ដោយលោកត្រាំលើកឡើងថា អុយក្រែនស្ថិតនៅដំណាក់កាលនៃសង្គ្រាមយោធា។
លោកត្រាំក៏បានលើកឡើងផងដែរថា ប្រសិនបើលោកនៅកាន់តំណែងប្រធានាធិបតីអាមេរិកនោះនឹងមិនមានសង្គ្រាមកើតឡើង «រុស្ស៊ីវាយប្រហារអ៊ុយក្រែននោះឡើយ»។
អតីតប្រធានាធិបតីអាមេរិកបានលើកឡើងថា ប្រធានាធិបតីពូទីន មិនមានគោលបំណងចង់ធ្វើសង្គ្រាមជាមួយអ៊ុយក្រែននោះឡើយ ប៉ុន្តែនៅពេលនេះលោកពូទីននឹងសំដៅគោលដៅនៅទូទាំងប្រទេស។
លោកត្រាំបានលើកឡើងទៀតថា ការដែលប្រធានាធិបតីពូទីន
បានបញ្ជូនកម្លាំងទាហានរាប់សិបពាន់នាក់ និងអាវុធជាច្រើនទៅកាន់តំបន់ព្រំដែនរុស្ស៊ី-អ៊ុយក្រែន ហើយឈរជើងរយៈពេលយូរនៅព្រំដែនគឺជាយុទ្ធសាស្ត្រដើម្បីពិភាក្សា ។
កន្លងមក នៅខែកុម្ភៈឆ្នាំ២០២២ លោកត្រាំបានហៅយុទ្ធសាស្ត្ររបស់លោកពូទីនដែលប្រកាសទទួលស្គាល់តំបន់ភាគខាងកើតអ៊ុយក្រែនដើម្បីរក្សាសន្តិភាព គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃបំផុត៕
ដោយ៖ ធីរីណា(រូបថត៖ Svetlov)