ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៦ខែនៃដើមឆ្នាំនេះការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកើនឡើង៤០ភាគរយ

ចែករំលែក៖

ភ្នំពេញ ៖ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា​បានកើនឡើង​ប្រមាណ៤០ភាគរយក្នុងឆមាសទី១ ​ឆ្នាំ២០២២នេះ។ ​កំណើននេះ​ ឆ្លុះបញ្ចាំង​ពី​តម្រូវការផលិតផលផលិតនៅកម្ពុជា ​លើទីផ្សារអន្តរជាតិ បើទោះបីពិភពលោកនៅបន្តរង​ផល​ប៉ះពាល់​ដោយសារជំងឺកូវីដ-១៩ក្តី។

    យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរ​សម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើររបស់កម្ពុជាបាននាំចេញមានកំណើន៤០ភាគរយនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បើធៀបនឹងឆមាសទី១ឆ្នាំមុន។

    របាយការណ៍ខាងលើបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញផលិតផលកាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង​ និងផលិតផលធ្វើដំណើរមានតម្លៃសរុប៦.៦ ប៊ីលានដុល្លារអាមេរិកក្នុងអំឡុងខែមករា​ដល់​ខែមិថុនាឆ្នាំនេះ គឺកើនឡើងពី​ ៤.៧២ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានចាត់ទុក​កំណើននៃការនាំចេញទំនិញជាទូទៅរបស់កម្ពុជានេះគឺដោយសារតែការចាប់ផ្តើមឡើងវិញ​ពេញលេញ​នៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ​ការអនុគ្រោះពាណិជ្ជកម្ម និងការកើនឡើងនៃ​តម្រូវ​ការសកល។

    លោកអ្នកនាំពាក្យបានលើកឡើងកាលពីពេលថ្មីៗនេះថា​ កំណើននៃការនាំចេញរបស់កម្ពុជានឹងបន្តកើនឡើងមួយឆ្នាំពេញ ​ដោយសារការថមថយនៃជំងឺរាតត្បាត ជាពិសេសការអនុវត្តពេញលេញ​នូវ​កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់​ និងទ្វេភាគី។

    ឧស្សាហកម្មកាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ រួមចំណែកធំជាងគេ​នៃការរក​ចំណូលសម្រាប់កម្ពុជា។ វិស័យនេះ​មានរោងចក្រ និងសាខាប្រហែល១,១០០ ដែលមានបុគ្គលិក​ប្រមាណ ៧៥០,០០០ នាក់ ដែលភាគច្រើនជាស្ត្រី។

    ធនាគារជាតិនៃកម្ពុជាទើបតែបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់៥.៣ភាគរយ ក្នុងឆ្នាំ២០២២នេះ​ដោយ​សារការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងការវិលទៅរកភាពប្រក្រតី​ឡើងវិញ​នៃ​សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

     ធនាគារជាតិនៃកម្ពុជាលើកឡើងថា ​កំណើនសេដ្ឋកិច្ចនេះបន្តគាំទ្រដោយវិស័យចម្បងៗ រួមមាន វិស័យកាត់ដេរ​ ដែលមានចំណែកធំជាងគេក្នុងវិស័យឧស្សាហកម្មកម្ពុជា​ វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់៕

ដោយ ៖ សូរិយា


ចែករំលែក៖