ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំធំសាលាខេត្ត លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តប្រកបដោយសុវត្ថិភាពបរិស្ថានដល់ម្ចាស់ទីតាំងសេវាថែទាំឯកជនទូទាំងខេត្តសៀមរាប ក្រោមអធិបតីភាពលោក សាបូ អូស្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សុខ សុគន្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុង ស្រុកទាំង ១២ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងម្ចាស់ទីតាំងសេវាថែទាំសុខភាពឯកជនក្រុង ស្រុកទាំង ១២ សរុបប្រមាណ ១៣០នាក់។
សិក្ខាសាលានេះ ជាការចែករំលែកនូវចំណេះដឹង បទពិសោធន៍លើការអនុវត្តការងារគ្រប់គ្រងសំណល់វេជ្ជសាស្រ្តននៅកម្ពុជា និងផ្សព្វផ្សាយពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ជាពិសេស តួនាទីរបស់ម្ចាស់ទីតាំងសេវាសុខាភិបាលឯកជននៅមូលដ្ឋានលើការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តរបស់ខ្លួន ដែលតម្រូវឱ្យមានការញែក ការវេចខ្ចប់ ទុកដាក់សំណល់វេជ្ជសាស្រ្តឱ្យត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាម សំណល់ទូទៅ និងត្រូវប្រើប្រាស់សេវាប្រមូលសំណល់វេជ្ជសាស្រ្ត ដែលមានការទទួលស្គាល់ពីក្រសួងបរិស្ថាន៕
ដោយ ៖ សហការី