ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងបំភ្លឺលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងបំភ្លឺលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ  និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ  ជាមួយគណៈកម្មការនីតិកម្មនិងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា ។ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោក​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌​។ 

ក្នុងកិច្ចប្រជុំនេះដែរ​ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

សូមរម្លឹកដែរថា​ កាលពីពេលថ្មីៗនេះ​ ក្រសួង​យុត្តិធម៌​ បានចេញសេចក្តីប្រកាសព័ត៌មាន សូមបញ្ជាក់បន្ថែមបីចំណុចមានដូចខាងក្រោម៖

ទី១-ជំនួបនេះ ពុំមែនជាជំនួបពិគ្រោះយោបល់នោះទេ តែជាការបកស្រាយពន្យល់ដោយផ្ទាល់បន្ថែមទៀត ចំពោះគណបក្សនយោបាយមួយចំនួន ឬអង្គការសង្គមស៉ីវិលមួយចំនួន ដែលយល់មិនបានច្បាស់អំពីខ្លឹមសារ និង គោលបំណងពិតប្រាកដនៃវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញ ពិសេស ការយល់ភ័ន្តច្រឡំ និង ដោយមិនត្រឹមត្រូវថា វិសោធនកម្មលើកទី ១០ នេះ ប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម។ 

ទី២-ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នេះ ក៏មិនខុសទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៩ លើក កន្លងមកទេ គឺតែងអនុវត្តទៅតាមគន្លងនៃនីតិវិធីដ៏តឹងរឹងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូចដែលតំណាងរាជរដ្ឋាភិបាលបានបកស្រាយបំភ្លឺជូនជាសាធារណៈជាបន្តបន្ទាប់នាពេលកន្លងមក។

ទី៣-ការអញ្ជើញមកជួបនេះ ចំពោះគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលមួយចំនួន ក៏ពុំមែនជាការធ្វើដើម្បីបង្រ្គប់កិច្ចដែរ គឺដើម្បីឱ្យពួកគាត់យល់ឱ្យច្បាស់លាស់អំពីចខ្លឹមសារ និង គោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មនេះ ចៀសវាងគាត់ស្វែងយល់ខ្លួនឯង មានការខ្វះខាត ឬ ស្តាប់ពីអ្នកវិភាគនានាដែលវិភាគមិនបានគ្រប់ជ្រុងជ្រោយ។ ចំពោះប្រជាជនកម្ពុជាភាគច្រើន គឺ បានគាំទ្រចំពោះការធ្វើវិសោធនកម្មលើកទី ១០ នេះ ដូចអ្វីដែលយើងបានឃើញមានការចេញញត្តិ ឬសេចក្តីថ្លែងការណ៍គាំទ្រជាបន្តបន្ទាប់៕

ដោយ៖ស​ តារា


ចែករំលែក៖