ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តក្រចេះបំបែកសំណុំរឿងករណីឃាតកម្មវាយកាប់សម្លាប់កើតឡើងកាលពីជាង២ខែមុន !

ចែករំលែក៖

ខេត្តក្រចេះ ៖ នគរបាលខេត្តក្រចេះបំបែកសំណុំរឿងករណីឃាតកម្មវាយកាប់សម្លាប់កើតឡើងកាលពីជាង២ខែមុន ! នេះបើយោងតាមផេកស្នងការនគរបាលខេត្តក្រចេះបានបង្ហោះនៅមុននេះបន្តិច ! នាល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។ 

តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា, ជនសង្ស័យដៃដល់៣នាក់ ក្នុងអំពើឃាតកម្មកាប់សម្លាប់មនុស្សរហូតស្លាប់ ដែលប្រព្រឹត្តកាលពីដើមខែមិថុនា កន្លងទៅ ដោយសារតែទំនាស់រឿងជិះម៉ូតូវ៉ាគ្នា គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បំបែកសំណុំរឿងបានហើយ និងឈានដល់ការចាប់ខ្លួនបានមនុស្សជាបន្តបន្ទាប់គ្នា។

សមត្ថកិច្ចបានបន្តថា, អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានអោយដឹងថា ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបានបើកប្រតិបត្តការសើបអង្កេត ឈានដល់ការចាប់ខ្លួនបានជនសង្ស័យដៃដល់៣នាក់។

រួមមាន៖ ១/.ឈ្មោះ ស្រី កទៀត អាយុ២១ឆ្នាំ ២/.ឈ្មោះ ឡុង ឧត្តម(ហៅដំ) អាយុ២៣ឆ្នាំ ទី៣/ឈ្មោះ សំ រិទ្ឋី (ហៅធីក្រញាញ់) អាយុ៣៩ឆ្នាំ ពួកគេទាំង៣ មានទីលំនៅផ្សេងគ្នា ក្នុងខេត្តក្រចេះ។ 

តាមចម្លើយសារភាពជនទាំង៣នាក់នេះ បានឆ្លើយថា កាលពីយប់ថ្ងៃទី៤ ខែមិថុនា កន្លងទៅ នៅចំនុចភ្នំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ពួកគេពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ឌាន ដា ភេទប្រុស អាយុ២១ឆ្នាំ បណ្តាលអោយស្លាប់ប្រាកដមែន ដោយទំនាស់រឿងជិះម៉ូតូវ៉ាគ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖