ភ្នំពេញ ៖ លិខិតអបអរសាទរ និងជូនពរ
សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និង ក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥត ឧបមា គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាស ដែលសម្ដេចទទួលបាននូវ “សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍” ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាគ្រឹះស្ថាន ជាតិបណ្តុះបណ្ដាលបញ្ញវន្តខ្មែរជាច្រើនជំនាន់ និងមានភាពចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជា ហើយដែលពិធីនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ចំថ្ងៃចម្រើនជន្មាយុតម្រប់ ៧០ ឆ្នាំ ឈានចូល ៧១ ឆ្នាំ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។
ការប្រគល់ “សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍” គឺពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាព គុណបំណាច់ និង បង្ហាញឱ្យឃើញកាន់តែច្បាស់ពីគុណវឌ្ឍឱ្យផ្នែកចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេច តេជោនាយករដ្ឋមន្តី ក្នុងនាមជាអគ្គមគ្គទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសកម្ពុជា នារយៈពេល ៣៧ឆ្នាំ កន្លងទៅនេះ ពោលគឺ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែឈរជាប្រមុខដឹកនាំដ៍ប៉ិនប្រសប់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនៅគ្រប់ដំណាក់កាលទាំងអស់ នាំឱ្យប្រជាជាតិ និងប្រជាជនកម្ពុជា ទទួលបាននូវ “សន្តិភាព” ពេញបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការលើក កម្ពស់ក្របខ័ណ្ឌអប់រំនៅទូទាំងប្រទេស។ ជាក់ស្ដែង ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលពេលនោះ បានបើកបវេសនកាល ឱ្យសិស្សានុសិស្សបានចូលរៀនសូត្រឡើងវិញ សម្រាប់ឆ្នាំសិក្សា១៩៧៩-១៩៨០ ជាលើកដំបូង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ ហើយចាប់តាំងពីពេលនោះ រហូតដល់ពេលបច្ចុប្បន្ននេះ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តចាត់ទុក វិស័យអប់រំថាជាវិស័យអាទិភាពដ៏សំខាន់ ដូចបានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានធាតុចូលចាំបាច់បំផុតចំនួន ៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព នោះគឺ “មនុស្ស ទឹក ផ្លូវ និងភ្លើង”។ ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិប៉ុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទី គោរពស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វិណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរីកុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ ភក្ដីភាពដ៏ស្មោះស្ម័គ្រនិងអភិវន្ថនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ ៖ សុខ ខេមរា