ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមនៅអ៊ុយក្រែនជាឧបសគ្គនៃការនាំអង្ករចេញយ៉ាងណាក៏ដោយវានឹងប្រសើរឡើងវិញនៅចុងឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ការនាំអង្ករចេញទៅក្រៅប្រទេសមានការធ្លាក់ចុះបន្តិចបន្តួចដោយសារបញ្ហាវិបត្តិសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ឧបសគ្គនោះគឺការឡើងថ្លៃនៃសេវាដឹកជញ្ជូន។ យ៉ាងណាក៏ដោយសហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថាអ្វីនឹៗងប្រសើរឡើងវិញនៅឆមាសទី ២ ឆ្នាំនេះ។ដូច្នេះមានន័យថាអ្វីៗនឹងប្រសើរឡើងនៅរង្វង់ចុងឆ្នាំ ២០២២នេះ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងការនាំចេញអង្ករនៅចុងឆ្នាំនេះ នឹងមានកំណើន​កើនឡើងខ្ពស់ អាចនឹងសម្រេចតាមផែនការ ​ខណៈតម្លៃប្រេងត្រូវបានព្យាករណ៍នឹងបន្តធ្លាក់ចុះ ស្របពេល​កម្ពុជាកំពុងពង្រីកទីផ្សារថ្មីៗបន្ថែម។ ដោយសារតែការពង្រីកបាននៅទីផ្សារថ្មីៗនៅអឺរ៉ុបនោះហើយដែលគេរំពឹងថាការនាំចេញអង្ករកម្ពុជានឹងមានការកើនឡើងឡើងបើទោះបីជាមានឧបសគ្គបន្តិចបន្តួចក៏ដោយ។

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា ក្នុងដំណាក់កាលកន្លងមកនេះ ​ការជួញដូរការ នាំចេញទីផ្សារអង្ករ និង​ចំណីអាហារមានការប្រែប្រួល ​ដោយសារវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន ជាក់ស្តែង១នៅ ឆមាស​កន្លងមកនេះ ​មានការជួបបញ្ហាប្រឈម​នឹងការដឹកជញ្ជូន ដោយសារការហក់ឡើងខ្ពស់​ថ្លៃ​ដឹកជញ្ជូន។

លោកឧកញ៉ាសុង សារ៉ន បន្តថា ជុំវិញការនាំចេញអង្ករនេះ ​សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ​ចាប់ពីខែនេះ រហូតដល់ខែ ធ្នូ ឆ្នាំ២០២២ ​ការនាំចេញអង្កររបស់កម្ពុជា ​នឹងមានកំណើនងើបឡើងវិញ អាចឆ្លើយ​តប​តាមផែនការកំណត់របស់សហព័ន្ធ ​ខណៈដែលទីផ្សារប្រទេសនីមួយៗ​មានតម្រូវការ លើ​ប្រភេទអង្ករមួយចំនួនរបស់កម្ពុជាបន្ថែម ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺប្រទេសជាច្រើនទៀតបានកម្មង់ទិញប្រទេសកម្ពុជាយើង។

ចំណែកទាក់ទងផែនការរបស់សហព័ន្ធស្រូវអង្ករកម្ពុជាវិញ, នៅក្នុងឆ្នាំ ២០២២ នេះ សហព័ន្ធ​ស្រូវអង្ករ​ បានកំណត់ផែនការសកម្មភាពនៃការនាំចេញអង្ករឲ្យបានចន្លោះពី ​៧៥ ទៅ ៨០ ម៉ឺនតោន ដែលចាត់ទុកជាការបើកទំព័រថ្មីក្នុងឆ្នាំ ​២០២២ ​ជាឆ្នាំស្តារស្ថានភាពឱ្យមានកំណើន បន្ទាប់ពី​កម្ពុជា​បានជួប​ឧបសគ្គមួយចំនួន​ នៃការនាំចេញអង្ករនាពេលកន្លងមក ៕

ដោយ៖ សូរិយា


ចែករំលែក៖