ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តកំពង់ធំ បន្តបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឃុំពាមបាង ស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល និងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ក្រោមការដឹកនាំពីលោក ងួន រតន: អភិបាលខេត្ត, លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវក្នុងឃុំពាមបាង និងលោកវរសេនីយ៍ទោ ម៉េង ភក្តី ស្នងការរងនគរបាលខេត្ត នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានបើកយុទ្ធនាការចុះបង្ក្រាបបទល្មើស នេសាទនៅលើបឹងទន្លេសាប។

     លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវក្នុងឃុំពាមបាងក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំពាម នៅចំណុចជ្រោយធំ ក្នុងភូមិបាឡត ឃុំពាមបាង ជាលទ្ធផលអនុវត្តន៍បាន០១ករណី ដោយរុះរើរបាំងសាច់អួនចំនួន០២របាំងប្រវែង ៧០០ម៉ែត្រ លូសាច់អួនចំនួន០៨មាត់ ឡុកសាច់អួនចំនួន០៤គ្រឿង បង្គោលឈើចំនួន៥០០ដើម និងចាក់លែងត្រីចូលបឹងធម្មជាតិវិញទម្ងន់២០គីឡូក្រាម។

      ជាមួយគ្នានេះ ក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ចូលរួមអភិរក្សសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា។ លោកបានបន្ថែមថា ទន្ទឹមនឹងការអនុវត្តច្បាប់ ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិ ដើម្បីផ្តល់ចំណូលជាប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ហើយក្រុមការងារចម្រុះ នឹងបង្ក្រាបជារៀងរាល់ថ្ងៃ ៕

ដោយ ៖ មុន្នី


ចែករំលែក៖