ព័ត៌មានទាន់ហេតុការណ៍៖

បាញ់សម្លាប់ប្អូនប្រុសបង្កើត នៅស្រុកស្នួល ខេត្តក្រចេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបាននៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា៖ កាលថ្ងៃសុក្រ ០៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង០៨៖០០នាទី នៅចំណុចការ៉េ៩៩៩៩ ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មានករណីឃាតកម្ម(បាញ់សម្លាប់) កើតឡើង បង្កដោយជនសង្ស័យឈ្មោះ ស្រ៊ុន ខុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់លើជនរងគ្រោះឈ្មោះ ស្រ៊ុន សុខាវ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាប្អូនបង្កើត ត្រូវចំស្នៀតផ្កាខាងឆ្វេង ធ្លាយទៅ ស្នៀតផ្កាខាងស្តាំ បណ្តាលឲរងរបួសធ្ងន់ និង បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវពេល កំពុងដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ 

ដោយឡែកជនសង្ស័យជាបងបង្កើត ឈ្មោះ ស្រ៊ុន ខុម ក្រោយពេលធ្វើសកម្មភាពរួចបាន រត់គេចខ្លួន បាត់ ដោយបានយកវត្ថុតាងទៅជាមួយ។ 

ក្រោយពីទទួលបានព័ត៌មានខាងលើ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រាបបានជនសង្ស័យឈ្មោះ ស្រ៊ុន ខុម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់) នៅចំណុចផ្ទះសំណាក់ទឹកមាស ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងដកហូតបានអាវុធខ្លី១ដើម ម៉ាកGlock លេខKPY990 បង់០២ គ្រាប់9mm ចំនួន១២គ្រាប់ និងម្សៅក្រាមថ្លា ពណ៌ស ចំនួន១កញ្ចប់មធ្យម និង២កញ្ចប់តូច។

បច្ចុប្បន្ននាយដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តនីតិវិធី ប្រគល់ជនសង្ស័យខាងជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖