ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត FORTUNER បើកបុករះឡំប្រឺតា និងផ្ទះលក់បាយ រងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឱ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក FORTUNER មួយគ្រឿងក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលបុករះឡំប្រឺតា និងផ្ទះអ្នកលក់បាយម្ហូប បណ្តាលឱ្យស្ត្រី០២នាក់រងរបួសធ្ងន់ និងក្មេងចាស់០២នាក់រងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ឡំប្រឺតា មួយគ្រឿង ដឹកអីវ៉ាន់ត្រឡប់មកពីផ្សារវិញ ហើយក៏បានចូលចតនៅលើចិញ្ចើមផ្លូវ ដើម្បីជញ្ជូនអីវ៉ាន់ដាក់ចូលក្នុងផ្ទះ ដោយមានក្មេងម្នាក់ កំពុងតែអង្គុយមើលទូរស័ព្ទនៅលើឡំប្រឺតា និងជនរងគ្រោះចំនួន ៣នាក់ផ្សេងទៀត កំពុងតែងអង្គុយលក់បាយម្ហូប និងគ្រឿងម្ជូរ ខណៈពេលនោះ ក៏មានរថយន្តមួយគ្រឿង ម៉ាក FORTUNER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-0679 បើកបរដោយបុរសម្នាក់ និងមានគ្នា រួមដំណើរជាមួយប្រពន្ធ និងកូន២នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿងយ៉ាងលឿន ហើយអ្នកបើកបររថយន្តខាងលើនេះ រវល់តែនិយាយទូរស័ព្ទបណ្តើរ បើកបរបណ្តើរ ក៏ស្រាប់តែរេចង្កូតជ្រុលធ្លាក់ចូលជង្ហុក រួចក៏បានបន្តរេចង្កូតរហូតជ្រុលបុកឡំប្រឺតាមួយគ្រឿង អូសជាច្រើនម៉ែត្រ បណ្តាលឱ្យក្មេងប្រុសម្នាក់ ដែលអង្គុយនៅលើឡំប្រឺតា បានរងរបួសបាក់ធ្មេញ ចំណែកបុរសម្នាក់ដែលលក់គ្រឿងម្ជូររងរបួសស្រាល ដោយឡែកស្ត្រីលក់បាយម្ហូប វ័យចំណាស់ ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ 

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបាន បញ្ជូនយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ ផងដែរ។

      ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានចុះមកដល់ទីតាំកន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តបង្ក រួមទាំងឡំប្រឺតា និងសម្ភារសម្រាប់ដាក់លក់បាយម្ហូបមួយចំនួនយកទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖