ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា៖ ក្រោយពិធីបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ចាប់ពីថ្ងៃទី០៦ ខែសីហា នេះទៅ កម្ពុជាគឺជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ បន្តពីប្រទេសឥណ្ឌូនេសុី។
សហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ រួមជាមួយនឹង ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ។ ជាមួយគ្នានេះដែរ កម្ពុជាសម្បូរទៅដោយកីឡាករ កីឡាការិនីដែលមានសមត្ថភាព រួមទាំងការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំដើម្បីដណ្តើមជ័យជម្នះ និងកិត្តិយសជូនជាតិមាតុភូមិ ពោពេញដោយស្មារតីស្នេហាជាតិ និងមនសិការខ្ពស់។ ទាំងអស់នេះបានសរបញ្ចាក់យ៉ាងច្បាស់ថា កម្ពុជាពិតជាមានភាពសាក់សម និងត្រៀមខ្លួនរួចរាល់សម្រាប់ភាពជាម្ចាស់ផ្ទះនេះ។
ការទទួលបានភាពជាម្ចាស់ផ្ទះនេះ មិនត្រឹមតែជាមោទកភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព និងតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងតួនាទីជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះផងដែរ ៕
ដោយ ៖ សិលា