ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ ការប្រកួតបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ៤ថ្ងៃនេះ គឺបានចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍សុវត្ថិភាពនៅកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា, ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រនៅខេត្តសៀមរាប រយៈពេល៤ថ្ងៃនេះ គឺបានចូលរួមផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង» ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីក្រុមកីឡាករទាំង៤ មានកម្ពុជា ថៃ ឡាវ និងវៀតណាមសរុបចំនួន១៥០នាក់ ត្រូវបានបញ្ជប់ប្រកបដោយភាពជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល ដែលមានអ្នកចូលរួមទស្សនាប្រមាណជាង១០០០នាក់។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ខេត្តសៀមរាប-អង្គរ ក្នុងដំណាក់កាលនៃការងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ និងដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗសម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ។

លោកបានបន្តថា ព្រឹត្តិការណ៍នេះក៏បានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិនិងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ព្រមទាំងផ្សព្វផ្សាយ «កម្ពុជា៖ ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង និងស្របតាមយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឆ្នាំ២០២៣ (Visit Cambodia Year 2023)។

ក្រសួងទេសចរណ៍បន្តទៀតថា, លោក សុខ វណ្ណា បានបង្ហាញលទ្ធផល៖

* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១

* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ថៃ៣ ទទួលបានចំណាត់ថ្នាក់លេខ២

* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ឡាវ ទទួលបានចំណាត់ថ្នាក់លេខ៣

* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ថៃ១ ទទួលបានចំណាត់ថ្នាក់លេខ៤

* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ថៃ២ ទទួលបានចំណាត់ថ្នាក់លេខ៥

* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់វៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៦។

លោកប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រយៈពេល៤ថ្ងៃនេះ ទទួលបានការអបអរសាទរ និងការគាំទ្រពីគ្រប់មជ្ឍដ្ឋានដែលជាមន្ត្រីរាជការ សិស្ស-និស្សិត ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរផងដែរ។ តាមរយៈពេលព្រឹត្តិការណ៍នេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទាំងសេដ្ឋកិច្ច សង្គម ដើម្បីស្តារការងើបឡើងវិញនូវវិស័យទេសចរណ៍តំបន់សៀមរាប-អង្គរ៕

ដោយ ៖ សហការី


ចែករំលែក៖