ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ ជន់លិចតំបន់ជាច្រើនក្នុងរដ្ឋធានីនៃប្រទេសឡាវ

ចែករំលែក៖

នៅព្រឹកថ្ងៃទី៧ខែសីហា ក្នុងប្រទេសឡាវមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅបណ្តាខេត្តភាគកណ្តាលនិងភាគខាងជើងប្រទេស ក្នុងនោះមានរដ្ឋធានីវៀងចន្ទន៍ ត្រូវជំនន់ទឹកភ្លៀងជន់លិចទ្រង់ទ្រាយធំ។
សារព័ត៌មាន Lao Phatthana នៅព្រឹកថ្ងៃទី៧ខែសីហាបានផ្សាយថា ការធ្លាក់ភ្លៀងខ្លាំងយ៉ាងជោកជាំ ចាប់ពីតាំងពីយប់ថ្ងៃសៅរ៍ រហូតដល់វេលារំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ បានបន្សល់ទុកឱ្យផ្នែកមួយចំនួននៃរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ស្ថិតនៅក្រោមការជន់លិច។
នៅតាមភូមិមួយចំនួនមានទឹកលិចដល់ត្រឹមៗចង្កេះ ខណៈដែលផ្ទះសម្បែងជាច្រើនខ្នងត្រូវទឹកជន់ហូរចូលពាសពេញ។ រីឯផ្លូវថ្នល់ធំៗនៅតំបន់ខ្លះប្រៀបដូចជាដងទន្លេ ជាហេតុមិនអាចឱ្យយានជំនិះធ្វើដំណើរឆ្លងកាត់បានផងដែរ។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋខ្លះបានអះអាងថា ពួកខ្លួនមិនអាចចេញឬក៏ចូលលំនៅឋានបាននោះទេ ខណៈដែលរថយន្តមួយចំនួនត្រូវជាប់គាំងនៅកណ្តាលផ្លូវតែម្តង ដោយសារតែទឹកជន់ឡើងរហ័សខ្លាំងពេក។
ជាមួយគ្នានេះ សហគមន៍នៅតាមតំបន់ដែលរងគ្រោះពីទឹកជំនន់បានប្រាប់ថា ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំភៀសខ្លួនឬក៏ដកខ្សែឧបករណ៍អេឡិចត្រូនិកផ្សេងៗឡើយ ដោយសារតែការកើនឡើងយ៉ាងលឿននៃកម្ពស់ទឹក។ ដោយឡែក ទោះបីប្រឈមនឹងស្ថានភាពយ៉ាងដូច្នេះក៏ដោយក៏គេឃើញប្រជាជនឡាវខ្លះបានប្រើឱកាសនេះយកសំណាញ់ទៅចាប់ត្រីផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Baohatinh.vn


ចែករំលែក៖