ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ គេសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនី សមត្ថកិច្ចនិងអាជ្ញាធរសហការគ្នាជួយពន្លត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយពន្លត់អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋដែលគេសង្ស័យថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅល្ងាចទី០៧ ខែសីហា ឆ្នាំ ២០២២ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ។

    ប្រភពប្រាប់ថា  នៅក្នុងហេតុការណ៍ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនេះគេឃើញមានអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធចុះធ្វើអន្តរាគមន៍ជួយពន្លត់ដោយមានវត្តមានលោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណដឹកនាំក្រុមការងារ និងមាន លោកវរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងកងរាជ អាវុធហត្ថក្រុងសិរីសោភ័ណ និងអធិការនគរបាលក្រុងសិរីសោភ័ណចុះជួយពន្លត់ផងដែរ។

    សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ មាស វិចិត្រ ភេទប្រុស អាយុ  ៧០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ ម្ចាស់ផ្ទះបានរៀបរាប់ថា ការឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យតែម្តង ។ 

     នៅក្នុងនោះសមត្ថកិច្ចបានប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចំនួន ០១គ្រឿង ទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយពុំមានការប៉ះពាល់ដល់ផ្ទះដទៃឡើយ។

    ទោះជាយ៉ាងណាអគ្គិភ័យខាងលើមិនបង្កឱ្យមនុស្សរងរបួសឡើយ ហើយករណីនេះដែរមិនទាន់កំណត់បានពីទំហំនៃការខូចខាតនោះទេ ព្រោះសមត្ថកិច្ចកំពុងចុះធ្វើកំណត់ហេតុ៕

ដោយ ៖ វណ្ណា


ចែករំលែក៖