ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់មិត្តរួមការងារជាមួយគ្នាធ្វើការជួយសង្គ្រោះភ្លាមៗ តែអកុសលយឹតពេលទៅហើយ ខណៈដែលបុរសម្នាក់ជាជាងផ្សារដែកឡើងបាញ់វីសជញ្ជាំងសំយាប តទៅមុខ ហើយភ្លាត់ស្នៀតមានការធ្វេសប្រហែសត្រូវខ្សែភ្លើងឆក់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី០៧ខែសីហាឆ្នាំ២០២២នៅត្រង់ចំណុចភូមិស៉ីកា ឃុំស្វាយយាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះសំរិត សុផល អាយុ៤១ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។
ចំណែកសាក្សីបានឱ្យដឹងថា មុនកើតហេតុបុរសឈ្មោះសំរិត សុផល បានមកផ្សារដែកដូចសព្វដងនៅផ្ទះអ្នកភូមិម្នាក់។
ខណៈគាត់កំពុងបាញ់វីសជញ្ជាំងសំយាបសម្រាប់តទៅមុខនោះ ប្រហែលជាគាត់មានការធ្វេសប្រហែសទើបភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើការជាមួយគ្នានាំគ្នាជួយសង្គ្រោះធ្វើចលនាបេះដូង ប៉ុន្តែជាអកុសលហួសពេលទៅហើយ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅដល់ ហើយធ្វើការពិនិត្យសពឃើញថាពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន ដោយសារជនរងគ្រោះខ្វះការប្រុងប្រយ័ត្នពេលឡើងបាញ់វីសជញ្ជាំងនិងផ្សារផ្លានដំបូលបណ្ដាលឱ្យឆក់តែម្ដង។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន