កូរ៉េខាងជើងមិនត្រឹមតែទទួលស្គាល់តំបន់ឯករាជ្យនៅប្រទេសអ៊ុយក្រែននោះឡើយ គឺនៅពេលនេះបានបង្ហាញពីការគាំទ្រដល់កម្លាំងទាហានរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា កូរ៉េខាងជើងបានស្នើបញ្ជូនទាហាន១សែននាក់ដោយស្ម័គ្រចិត្តទៅជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងក៏បានប្រកាសថានឹងបញ្ជូនកម្លាំងទៅជួយកសាងតំបន់ Donbass នៃប្រទេសអ៊ុយក្រែនផងដែរ។
តាមសារព័ត៌មាន New York Post បានផ្សាយថា អ្នកឯកទេសយោធា Igor Korotchenko ពេលថ្មីៗនេះបានប្រកាសនៅលើបណ្តាញទូរទស្សន៍ Channel One ថា កូរ៉េខាងជើងបានស្នើបញ្ជូនយោធា១សែននាក់ទៅជួយរុស្ស៊ីក្នុងសង្គ្រាមពិសេសនៅអ៊ុយក្រែន ។ លោក Igor Korotchenko បញ្ជាក់ថា កម្លាំងទាហានកូរ៉េខាងជើងមានបទពិសោធន៍ខ្ពស់នៅក្នុងសង្គ្រាម ។
លោក Igor Korotchenko បានបញ្ជាក់ទៀតថា «ប្រសិនបើទីក្រុងព្យុងយ៉ាងបង្ហាញពីចេតនាក្នុងការជួយដល់រុស្ស៊ី វិមានក្រឹមឡាំងគួរតែយល់ព្រមឱ្យទាហានកូរ៉េខាងជើងចូលរួម។ ជាមួយគ្នានេះដែរ កម្លាំងពលករកូរ៉េខាងជើងបានត្រៀមលក្ខណៈក្នុងការជួយស្ថាបនាតំបន់Donbass ឡើងវិញផងដែរ។
បច្ចុប្បន្នកម្លាំងទាហានកូរ៉េខាងជើង ស្ថិតនៅលំដាប់ទី៤លើពិភពលោក ដោយមានទាហានជិត១,៣លាននាក់ និងទាហានបម្រុង៦សែននាក់៕ ដោយ៖ ធីរីណា
រូបថត ៖ KCNA