ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាគន្លឹះរបស់ លោក ប្រាក់ សុខុន នៅក្នុងសិក្ខាសាលាសាធារណៈស្តីពី «កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមាគ៌ាឆ្ពោះទៅអនាគត ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ»

ចែករំលែក៖

ភ្នំពេញ ៖ សុន្ទរកថាគន្លឹះរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសិក្ខាសាលាសាធារណៈស្តីពី «កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមាគ៌ាឆ្ពោះទៅអនាគត ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ» ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ 

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកសុន្ទរកថាគន្លឹះ ចំនួន១២ ចំណុចដូចខាងក្រោម : 

១.ខ្ញុំពិតជារីករាយណាស់ដែលបានជួបជាមួយមិត្តល្អរបស់ខ្ញុំ ឯកឧត្តម ហាយ៉ាហ្ស៊ី (HAYASHI) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅរសៀលថ្ងៃនេះ។ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយ ឯកឧត្តម ដោយសារឯកឧត្តមបានធ្វើដំណើរពីចម្ងាយ ហើយយើងរាល់គ្នាពិតជានឿយហត់ ប៉ុន្ត ពួកយើងសប្បាយចិត្តណាស់ដែលបានជួបគ្នាម្ដងទៀតនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណចំពោះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងស្ថានទូតជប៉ុន ដែលបានអញ្ជើញខ្ញុំចូលរួម និងបានរៀបចំសិក្ខាសាលា នេះឡើង ដែលតាមទស្សនៈរបស់ខ្ញុំ នេះជាកម្មវិធីដែលផ្ដោតលើអនាគត ក៏ដូចជាព្យាយាមគិត ទុកជាមុនលើវិធីសាស្ត្រដែលយើងអាចជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុននេះ ឆ្ពោះទៅកាន់ រយៈពេល ៥០ ឆ្នាំខាងមុខ។ ដូចដែលបានលើកឡើង យើងមិនដឹងថាយើងនឹងទៅដល់ទីណានោះ ទេក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ប៉ុន្តែយើងអាចរួមគ្នាកំណត់ចក្ខុវិស័យមួយចំនួនសម្រាប់កូនៗ និងចៅៗរបស់យើង ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។

២.ប៉ុន្តែមុនពេលដែលខ្ញុំបន្តទៅកាន់សុន្ទរកថាគន្លឹះរបស់ខ្ញុំ សូមអនុញ្ញាតឱ្យខ្ញុំឆ្លៀតក្នុងឱកាសនេះ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំម្តងទៀត ចំពោះប្រជាជនជប៉ុនក្នុងការបាត់បង់នូវ អតីតនាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ (Shizo Abe)។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី យើងចំណាយពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីពិភាក្សាលើបញ្ហាក្ដៅៗ និងបញ្ហា ប្រឈមចម្បងៗជាច្រើន ដែលតំបន់និងពិពលោកយើងកំពុងជួបប្រទះ ដោយបានប្រើប្រាស់វេទិកា ជាច្រើនរបស់អាស៊ាន ដូចជា កិច្ចប្រជុំអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ានជាដើម ដើម្បីផ្លាស់ប្ដូរ ទស្សនៈ និងជំហររបស់យើងក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ស្របពេល ដែលអាស៊ានឈានចូលដល់អាយុ ៥៥ ឆ្នាំ នាប៉ុន្មានថ្ងៃខាងមុខ ពោលគឺគឺថ្ងៃបន្ទាប់ពីថ្ងៃស្អែក។

៣.ទំនាក់ទំនងអាស៊ាន-ជប៉ុនត្រូវបានបង្កើតឡើងជិត ៥០ ឆ្នាំមុន ដែលនេះធ្វើឱ្យប្រទេសជប៉ុន ក្លាយជាដៃគូវ័យចំណាស់ជាងគេមួយរបស់អាស៊ាន។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ត្រូវបានបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាង មុន ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូស្មើភាពគ្នា។ ការបន្តនិរន្តភាព នៃការប្ដេជ្ញាចិត្តរបស់ជប៉ុន ក្នុងការលើកកម្ពស់សន្តិភាពយូរអង្វែង វិបុលភាពរួម និងការអភិវឌ្ឍ ប្រកបដោយចីរភាព គឺពិតជាចេញជាផ្លែផ្កា និងទទួលបានការកោតសរសើរនៅក្នុងតំបន់យើង។ ពិតណាស់ អាស៊ានចាត់ទុកជប៉ុនជាមិត្តដ៏ជិតស្និទ្ធ និងដៃគូដែលអាចទុកចិត្តបានបំផុតរបស់ យើង។

៤.នៅឆ្នាំក្រោយ យើងនឹងធ្វើការរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន។ សម្រាប់រយៈពេលកន្លងមកនេះ អាស៊ានបានកោតសរសើរចំពោះការគាំទ្រឥតងាកររបស់ជប៉ុន ចំពោះមជ្ឈភាពអាស៊ាន និងនិម្មាបនកម្មតំបន់ដែលផ្ដោតលើអាស៊ាន ដែលបានរួមចំណែកយ៉ាង សំខាន់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ កិច្ចសហប្រតិបត្តិការរបស់យើងគ្របដណ្ដប់លើ វិស័យជាច្រើន រាប់ចាប់ពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខលំហសមុទ្រ និង សន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត រហូតដល់ វិធានការដើម្បីកសាងការជឿទុកចិត្ត និងទំនុកចិត្តបែប ជាក់ស្តែងនៅក្នុងតំបន់។ នៅក្នុងបរិបទនៃ “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ” របស់ជប៉ុន សកម្មភាពសហប្រតិបត្តិការជាច្រើន បានបង្ហាញឱ្យឃើញពីការបន្ស៊ីគ្នាមួយចំនួននៅក្នុង “ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក” ។

៥.នៅក្នុងវិស័យនៃនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ប្រទេសជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំ ជាងគេទី ៤ របស់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ២០៤ ប៊ីលានដុល្លារ។ ជប៉ុនក៏ជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាងគេទី ៣ របស់អាស៊ាន ជាមួយនឹង លំហូរFDI សរុបពីប្រទេសជប៉ុនចំនួន ៨.៥ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២០។ ជារួម អាស៊ាន និង ជប៉ុនបានសហការគា្នលើកកម្ពស់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ នៅពេលដែលយើងខិពង្រឹងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់យើងនៅក្នុង ដំណាក់កាលក្រោយកូរីដ-១៩។ ក្នុងន័យនេះ ខ្ញុំយល់ឃើញថា តួនាទីនៃវិស័យធុរកិច្ចជប៉ុនមាន សារៈសំខាន់ខ្លាំងណាស់ ហើយពួកគេបន្តវិនិយោគក្នុងអាស៊ាន ដោយទាញយកអត្ថប្រយោជន៍ ពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន”។

៦.នៅក្នុងវិស័យនៃកិច្ចសហប្រតិបត្តិការផ្នែកសង្គម-វប្បធម៌ អាស៊ានសូមកោតសរសើរចំពោះភាពជា ដៃគូ “បេះដូង-និង-បេះដូង” របស់ប្រទេសជប៉ុន ដែលសម្រេចបានលទ្ធផលយ៉ាងសំខាន់ ក្នុងការ លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ កីឡាក៏ដូចជា ប្រជាជននិងប្រជាជនផងដែរ។ ការពង្រឹងការតភ្ជាប់ រវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងចំណោមយុវជន គឺជាវិធីសាស្ត្រមួយទៀតក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអប់រំផងដែរ។ ការគាំទ្ររបស់ប្រទេសជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបង្រួមគម្លាតការអភិវឌ្ឍ តាមរយៈ “គំនិតផ្ដួចផ្ដើម សម្រាប់សមាហរណកម្មអាស៊ាន” ត្រូវបានគេកោតសរសើរខ្លាំងផងដែរ។

ឯកឧត្តម ហាយ៉ាហ្ស៊ី អស់លោក លោកសី

៧.ក្នុងដំណើរឆ្ពោះទៅអនាគតក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ យើងមានការរំពឹងទុកយ៉ាងខ្លាំងថា ទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន នឹងត្រូវបានពង្រឹង។ ចំណាប់អារម្មណ៍របស់ប្រទេសជប៉ុន ក្នុងការ បង្កើតឱ្យមាន “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន” គឺពិតជាមាគ៌ាដ៏ល្អបំផុត ដើម្បីជំរុញទំនាក់ទំនងរបស់យើងនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនវានុវត្តន៍ ទីក្រុងឆ្លាតវៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេស សម្រាប់កម្លាំងពលកម្មឌីជីថលដែលមានជំនាញខ្ពស់។

៨.សក្តានុពល និងអត្ថប្រយោជន៍ដ៏ធំធេងនៃ “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុង តំបន់” (RCEP) ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាការរួម ចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ក្នុងពេលអនាគតដ៏ ឆាប់។ សម្រាប់អនាគតរយៈពេលវែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះពិតជានឹងផ្លាស់ប្តូរ តំបន់របស់យើងលើសពីការរំពឹងទុករបស់យើង។

៩.ខ្ញុំក៏មើលឃើញជាមុនថា កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នឹងត្រូវបានលើកកម្ពស់តាមរយៈការ កសាងសមត្ថភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម ស្ត្រីនិងសហគ្រិនវ័យក្មេង ជាពិសេសក្នុង ការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្មរបស់ពួកគេ។ ក្នុងការដោះស្រាយបញ្ហាបម បម្រួលអាកាសធាតុ យើងក៏មើលឃើពីសក្តានុពលជាច្រើនទៀត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងទាក់ទិននឹងកំណើនបៃតង ក៏ដូចជាការលើកកម្ពស់ការផ្លាស់ប្តូវឆ្ពោះទៅរកការប្រើប្រាស់ ថាមពលស្អាត និងសង្គមដែលបញ្ចេញឧស្ម័នកាបូនទាបផងដែរ។

១០.ដោយឆ្នាំ២០២៣ ជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន យើងទន្ទឹង រង់ចាំដើម្បីរំលឹកខួបដល់ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះជាមួយប្រជាជនរបស់យើង ហើយនេះជា ចំណុចសំខាន់នៃរបៀបវារៈយើង។ យើងពិតជាមើលឃើញនូវកលានុវត្តភាពដ៏អស្ចារ្យក្នុងការជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុនឱ្យកាន់តែប្រសើរឡើងថែមទៀត។

១១.សូមអនុញ្ញាតឱ្យខ្ញុំពេលវនេះបញ្ចប់ការថ្លែងរបស់ខ្ញុំ ដោយសូមលើកទឹកចិត្តដល់អ្នកចូលរួមទាំង អស់នៅទីនេះ ចូលរួមចែករំលែកនូវគំនិត និងមតិយោបល់ទាក់ទិននឹងរបៀបដែលយើងអាចពង្រឹង ទំនាក់ទំនងអាស៊ាន-ជប៉ុនរួមគ្នាឱ្យកាន់តែប្រសើរឡើង។

១២.ក្នុងន័យនេះ ខ្ញុំសូមជូនពរឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងសូម ប្រកាសបើកសិក្ខាសាលាចាប់ពីពេលនេះតទៅ។ សូមអរគុណ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖