ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD បើកបរដោយជនជាតិបរទេសបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយកង់ រួចបន្តទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមនិងទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-8399ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីពីកើតទៅលិចក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់ មួយកង់ រួចបានរេចង្កូតមកខាងស្ដាំដៃវិញបន្តទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដីនិងបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងខ្លាំង។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ