ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និង២នាក់របួសធ្ងន់ស្រាល ករណីរថយន្តដឹកដីខ្សាច់បុករះរថយន្តឡិចស៊ីស នៅស្រុកទឹកឈូ

ចែករំលែក៖

ខេត្តកំពត ៖ មនុស្សម្នាក់ត្រូវបានស្លាប់ និង មនុស្ស ២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីរថយន្តដឹកខ្សាច់ បុកជាមួយរថយន្តឡិចស៊ីស កាលពីវេលាម៉ោងជិត៥ល្ងាច នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤៣-១៤៤ ផ្លូវជាតិលេខ៣ ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។

មន្ត្រីនគរបាលមូលដ្ឋាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្តម៉ាក SCANIA យីឌុបពាក់ស្លាកលេខតាកែវ ៣A-៤២៦៤ បើកបរទិសដៅពីត្បូងទៅជើង បើកបរដោយជនមិនស្គាល់ឈ្មោះរត់គេចខ្លួនបាត់ បានបុកជាមួយរថយន្តមួយគ្រឿងទៀតដែលបើកក្នុងទិសដៅផ្ទុយគ្នាម៉ាកឡិចស៊ីស៤៧០ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២M-៨៦៤១ រួចបានបន្តទៅបុករថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខក្បាលភ្នំពេញ ៣F-២៧៩៥ និងកន្ទុយព្រៃវែង ៤A-០១៥០ បើកបរដោយឈ្មោះ ព្រាប ភេទប្រុស អាយុ២៨ឆ្នាំ បណ្ដាលឲ្យរថយន្ដរងការខូចខាតផងដែរ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឲ្យស្ត្រីម្នាក់ ឈ្មោះ ឈាង ផល្លា ដែលអ្នកជិះក្នុងរថយន្តឡិចស៊ីស បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងមនុស្ស ២នាក់ទៀតរបួស់ធ្ងន់ស្រាល ចំណែករថយន្ដទាំង ៣គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សូរិយា


ចែករំលែក៖