ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថា មានសមត្ថកិច្ច១ក្រុមក្រោមការដឹកនាំរបស់ លោក វរសេនីយ៍ឯក ភុំ ផៃឌឿម នគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់កុងត្រូលជជុះជម្រិតទារប្រាក់ពីប្រជាពលរដ្ឋដឹកជញ្ជូនផលអនុផលព្រៃឈើ យ៉ាងអានាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួន ប៉ុន្តែពួកគាត់ពុំហ៊ានប៉ះពាល់នោះទេ ព្រោះខ្នងបង្អែកគេធំណាស់ ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា កុងត្រូលជជុះជម្រិតទារប្រាក់ពីប្រជាពលរដ្ឋដឹកជញ្ជូនផលអនុផលព្រៃឈើ ក្រោមការចាត់ចែងពីលោក វរសេនីយ៍ឯក ភុំ ផៃឌឿម ដែលគេស្គាល់ជាមន្រ្តីនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ខាងលើ នៅតាមបណ្ដោយផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចផ្លូវបំបែកចូលទៅ(ភូមិសាយ)ស្ថិតនៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយបានចេញធ្វើសកម្មភាពពាសពេញតំបន់នោះ ។
ប្រភពព័ត៌មានបញ្ជាក់ថា ក្រុមកុងត្រូលជជុះខាងលើនេះ បានចេញធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដោយបើករថយន្តប្រដេញម៉ូតូសណ្ដោងរុឺម៉កដឹកឈើ គោយន្ដកន្រ្តៃដឹកឈើ រថយន្តដឹកឈើឬមានការសង្ស័យ គឺ ដេញទាំងអស់ ហើយការប្រដេញយ៉ាងអានាធិបតេយ្យនេះ ពុំមែនបង្រ្កាបនោះទេ គឺ ប្រដេញជំរិតប្រាក់តែម្ដង ហើយថ្មីៗនេះបែកធ្លាយឃ្លីបវីដេអូ១ តាមបណ្ដាញសង្គម(ហ្វេសប៊ុក)ដែលប្រជាពលរដ្ឋថតបានផ្ទាល់តែម្ដង ករណីនេះអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានសុំតែរួចខ្លួនបានហើយ ទុកឲ្យថ្នាក់លើចាត់ចែងចុះ ពួកគាត់បានត្រឹមរាយការណ៍ជូនបន្ត ដើម្បីភូមិឃុំមានសុវត្ថិភាពប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីកុងត្រូលជជុះជម្រិតទារប្រាក់ពីប្រជាពលរដ្ឋដឹកជញ្ជូនផលអនុផលព្រៃឈើនេះ លោក ថៃ ឆេងលី នាយប៉ុស្ដិ៍នគរបាលព្រងិល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន មជ្ឃមណ្ឌលព័ត៌មាននគរវត្ត តាមទូរស័ព្ទនាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះថា ពិតជាមានសមត្ថកិច្ច១ក្រុមឈរជើងនៅទីនោះមែន លើសពីនេះពុំហ៊ាននិយាយទេ ។
មតិមហាជនបានលើកឡើងច្រើនរាប់មិនអស់ថា លោក ភុំ ផៃឌឿម គេស្គាល់គាត់ច្បាស់ដូចបាតដៃ ជាអ្នកជំនួញឈើ និងនៅពីក្រោយឈ្មួញឈើផ្សេងៗយ៉ាងល្បីល្បាញមួយ នៅខេត្តពោធិ៍សាត់ ឥឡូវបែរជាឈ្មួញឈើផង មានស័ក្កិយសធំទៀត ដល់ទៅវរសេនីយ៍ឯក នៃការិយាល័យសន្តិសុខ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ហើយមានសិទ្ធដល់ទៅដាក់កុងត្រូលជជុះថែមទៀត បញ្ហានេះ! ប្រឆាំងប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលហើយ សង្ឃឹមថាថ្នាក់លើ និងមានវិធានការអំពីបញ្ហានេះ ។
ទោះជាមានការលើកឡើងដូចខាងលើ អ្នកសារព័ត៌មាន មជ្ឃមណ្ឌលព័ត៌មាន នគរវត្ត ពុំអាចស្វែងរកការពន្យល់ណាមួយពីលោក វរសេនីយ៍ឯក ភុំ ផៃឌឿម មន្ត្រីនគរបាលការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានទេ រង់ចាំការបកស្រាយក្រោយការចុះផ្សាយចុះ ៕
ដោយ៖ ប៉ឹម ពិន