ភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងបរិបទជំងឺកូវីដ-១៩ ក៏ដោយក៏សេដ្ឋកិច្ចនៃការនាំចេញរបស់កម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ពោលគឺនៅក្នុងរយៈពេល ៧ខែកន្លងមកនេះកម្ពុជាបាននាំទំនិញចេញសរុបជាទឹកប្រាក់ប្រមាណ ១៣ប៊ីលានដុល្លារ កើនឡើងប្រមាណជាង៣០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
បើតាមតួលេខចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានឱ្យដឹងថា កម្ពុជានាំចេញទំនិញចេញមានទឹកប្រាក់ជាង ១៣ ប៊ីលានដុល្លារ ក្នុងរៈពេល៧ខែ ឆ្នាំ ២០២២នេះ កើនឡើង ៣០.៧ ភាគរយ ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលសំលៀកបំពាក់ ស្បែកជើង,កាបូបធ្វើដំណើរ រួមចំណែកពាក់កណ្តាលនៃទំនិញនាំចេញរបស់កម្ពុជា។
យោងតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបាន ៣២.៨២ប៊ីលានដុល្លារ ក្នុងអំឡុងពេលពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ កើនឡើង ២១.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
សម្រាប់ការនាំចេញសហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញសំខាន់របស់ទំនិញរបស់កម្ពុជា មានតម្លៃទឹកប្រាក់ ប្រមាណ ៥ ៦៩៥ លានដុល្លារ ដោយបានរួមចំណែក ប្រមាណ ៤៣ ភាគរយនៃតម្លៃការនាំចេញសរុបក្នុងរយៈពេលនេះ។ ផលិតផលឧស្សាហកម្មសំខាន់ៗមួយចំនួនដូចជាសម្លៀកបំពាក់កាត់ដេរ,ផលិត ផលស្បែកជើងនិងកង់…ជាដើម..ជាគោលដៅក្នុងការនាំទៅកាន់សហរដ្ឋអាមេរិក ។
ប្រទេសវៀតណាម និងប្រទេសចិន ជាទីផ្សារធំលំដាប់ទីពីរ និងទីបី ដោយមានទំហំនាំចេញ ១ ៣២៦ លានដុល្លារនិង ៨០៩ លានដុល្លារ។ ចំណែក ការនាំចូលរបស់កម្ពុជា មានតម្លៃ ១៩ ប៊ីលានដុល្លារកើនឡើង ១៥.៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ទំនិញសំខាន់ៗដែលកម្ពុជា នាំចេញ មានដូចជា សំលៀកបំពាក់ តម្លៃសរុប ៥ ៦១៩ លានដុល្លារ,វត្ថុអំពីស្បែក តម្លៃ ១ ២២៥ លានដុល្លារ,ផលិតផលស្បែកជើង តម្លៃ ១ ០៤៥ លានដុល្លារ,ឧបករណ៍អគ្គីសនីតម្លៃ ៩២៧លានដុល្លារ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជ កម្មលោកប៉ែន សុវិជាតិ លើកឡើងក្នុងសន្និសីទសារ ព័ត៌មាន កាលពីពេលថ្មីៗនេះថា បានចាត់ទុកកំណើននេះ ដោយសារតែការចាប់ផ្តើមឡើងវិញពេញលេញនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ការអនុគ្រោះពាណិជ្ជកម្ម និងការកើនឡើងនៃតម្រូវការសកល។
លោកអ្នកនាំពាក្យបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី,ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានក្នុងខែ មករាកន្លងទៅ ក៏បានរួមចំណែកដល់កំណើននេះ៕
ដោយ៖ សូរិយា