ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង​ ការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និងក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ​ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង។ 

យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានបញ្ជាក់ថា​៖​ ក្នុងកិច្ចប្រតិបត្តិការខាងលើ​នេះ​ ​មន្ត្រីជំនាញ​បានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កុំឱ្យប្រើប្រាស់សុីម៉ាំងកែឆ្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្ត បំពាក់ភ្លើង ខុសលក្ខណៈបច្ចេកទេស (តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត។ 

សូមជម្រាបដែរថា​ ជារៀង​រាល់​ថ្ងៃ​កម្លាំងសមត្ថកិច្ច​របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ បានសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ស្រុក​ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ តាមដងទន្លេក្នុងភូមិសាស្រ្តខ្លួនផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖