ព័ត៌មានទាន់ហេតុការណ៍៖

តៃវ៉ាន់ប្រតិកម្មពីគម្រោងឯកភាពជាតិក្នុងសៀវភៅសការពារជាតិរបស់ចិន

ចែករំលែក៖

ភាគីតៃវ៉ាន់បានច្រានចោល គម្រោងឯកភាពជាតិ និងគោលនយោបាយ«ប្រទេសមួយរបបដឹកនាំពីរ» ដែលរដ្ឋាភិបាលចិនបានលើកឡើងនៅក្នុងសៀវភៅសការពារជាតិ ប្រកាសជាសាធារណៈនាថ្ងៃទី១០ខែសីហា។

នៅថ្ងៃទី១១ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសកោះតៃវ៉ាន់បានលើកឡើងថា មានតែពលរដ្ឋកោះតៃវ៉ាន់ទេទើបមានសិទ្ធិសម្រេចអនាគតរបស់ខ្លួន ។ នៅក្នុងសៀវភៅសការពារជាតិរបស់ចិន បានសន្យាថា នឹងដោះស្រាយបញ្ហាកោះតៃវ៉ាន់និងឯកភាពជាតិ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi)បាន លើកឡើងពីគោលជំហររបស់ប្រទេសចិន អំពីនិន្នាការថ្មីនៃស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ដោយលោកលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅតំបន់ចិនតៃវ៉ាន់ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា ជាការបង្កហេតុផ្នែកនយោបាយសុទ្ធសាធ ហើយក៏ជារឿងកំប្លែងផ្នែកនយោបាយសុទ្ធសាធផងដែរ។
លោក Wang Yi បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ កំពុងបន្តវិវឌ្ឍន៍ទៅមុខ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះនិន្នាការដែលមានគ្រោះថ្នាក់ចំនួនបី ពោលគឺ៖ ទីមួយ-ត្រូវប្រុងប្រយ័ត្នចំពោះសហរដ្ឋអាមេរិក ដែលមិនទទួលយកភាពបរាជ័យ ហើយរួមជាមួយសម្ព័ន្ធមិត្តមួយចំនួន ដើម្បីញុះញង់បញ្ឆេះកំហឹងនិងពង្រីកការដាក់ពង្រាយកម្លាំងយោធាក្នុងតំបន់ ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ក្នុងចេតនាចង់បង្កវិបត្តិកាន់តែធំថែមទៀត។ ទីពីរ-គឺត្រូវប្រុងប្រយ័ត្នចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដែលធ្វើការវិនិច្ឆ័យខុសចំពោះស្ថានការណ៍ ដោយបន្តបង្កើនការឃុបឃិតជាមួយកម្លាំងខាងក្រៅ ហើយដើរលើផ្លូវបំបែកបំបាក់ប្រទេសជាតិនិងប្រជាជាតិ។ ទីបី-គឺត្រូវប្រុងប្រយ័ត្នចំពោះអ្នកនយោបាយនៃប្រទេសមួយចំនួនដែលមិនអើពើពីការខុសនិងត្រូវ ហើយឃោសនាបំប៉ោង និងធ្វើការសម្តែងល្ខោននយោបាយ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ CPA/CNA


ចែករំលែក៖