ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់ស្លាប់និងបុរសម្នាក់ទៀតរងរបួសធ្ងន់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ខណៈដែលអ្នកជិះម៉ូតូបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយរថយន្តដែលបើកស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១១នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លើផ្លូវលេខ៣១៥ ស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះសាន ស្រីម៉ាយ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក និងអ្នករងរបួសធ្ងន់មានឈ្មោះ សាន វង អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិក្រសាំង ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១R-០៥១២។
ចំណែកអ្នកបើករថយន្តមានឈ្មោះផូ រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិបល័្លង្កជា ឃុំចិន្រ្តី ស្រុក រមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនព្រមទាំងរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌សលាយលឿង ពាក់ស្លាកលេខ ស្វាយរៀង ៣A-២៤៥៣ផងដែរ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញមនុស្សប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១R -០៥១២លើផ្លូវលេខ៣១៥ ក្នុងទិសដៅពីជើងទៅត្បូងដោយបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកម៉ាកហុីយ៉ាន់ដាយ ពណ៌សលាយលឿង ពាក់ស្លាកលេខ ស្វាយរៀង ៣A-២៤៥៣បើកក្នុងទិសដៅស្របគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលឱ្យស្ត្រីម្នាក់បែកក្បាលធ្លាយខួរស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹក។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការវាស់វែងយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ចំពោះសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន