ភ្នំពេញ ៖ ឪពុកម្តាយតែងតែអប់រំ កូនឱ្យដើរផ្លូវល្អ ឱ្យរៀនសូត្រ មិនឱ្យសេពគប់ជាមួយមិត្តភក្ដិ ដែលគ្មានសីលធម៌ទេ ។ ខណៈនេះមានយុវតីម្នាក់ឈ្មោះ ស្មាន ហាលីហ្សា អាយុ១៧ឆ្នាំ សិក្សាថ្នាក់ទី១១ នៅវិទ្យាល័យឬស្សីកែវ ដែលមានឪពុកឈ្មោះ លី សារី មុខរបរបុគ្គលិកក្រុមហ៊ុន និងម្តាយឈ្មោះ រ៉ ទីយ៉ាស់ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៤៧១ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបាត់ខ្លួនចេញពីផ្ទះ មិនដឹងទៅណាឡើយ ខណៈក្រុមគ្រួសារសង្ស័យថាចាញ់បោកការល្បួងរបស់មិត្តភក្តិ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន ក្នុងស្រុកទាំងអួលអាក់លោក លី សារី ដែលត្រូវជាឪពុករបស់យុវតីបាត់ខ្លួន បានឲ្យដឹងថា កូនស្រីរបស់លោក បានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២មកម្លេះ។ ការបាត់ដំណឹងកូន ក្នុងនាមឪពុកម្តាយ តែងមានក្តីកង្វល់ កើតទុក្ខគ្រប់ពេលវេលា ។
ជាមួយអ្នកសារព័ត៌មាន លោក លី សារី បានឲ្យដឹងថា, មុនពេលកូនស្រីបាត់ខ្លួន គឺប្រហែលម៉ោង២ កូនស្រីបានសុំទៅទិញស្បែកជើង ប៉ុន្តែមិនបានប្រាប់ថាទិញស្បែកជើងនៅទីណានោះទេ ប៉ុន្តែមុនអនុញ្ញាតម្តាយបានផ្តាំថាទិញហើយ ឲ្យប្រញ៉ាប់ត្រឡប់មកផ្ទះវិញ ដូចនេះក្រោយពីសុំម្តាយហើយ ហាលីហ្សា បានទៅបាត់តែម្តង លុះទៅបាត់យូរ ទូរស័ព្ទក៏តេមិនចូលទើបបង្កការភ្ញាក់ផ្អើលតែម្តង។
លោក លី សារី បានបញ្ជាក់ថា មុនពេលកូនស្រីចាកចេញពីផ្ទះ លោកមិនបានសម្គាល់ឃើញអ្វីប្លែកទេ ហើយកូនស្រីរបស់លោកក៏មិនដែលដើរហើរឆ្ងាយៗបាត់ពីផ្ទះដែរ ប៉ុន្តែម្តងនេះលោកក៏មានចង្ងល់ថា ហេតុអ្វីកូនស្រីទៅបាត់ពីផ្ទះមិនផ្តល់ដំណឹង ហើយថែមទាំងទាក់ទងមិនបានទៀត។
ប៉ុន្មានថ្ងៃមកនេះ លោកបានទាក់ទងមិត្តភក្តិ ហាលីហ្សា ហើយក៏បានដឹងតម្រុយថា ហាលីហ្សា បានមកដល់ក្រុងព្រះសីហនុហើយ លោកក៏បានឡើងមកដល់ទីតាំងផ្តល់តម្រុយភ្លាម ជិះឈ្វែលទាំងថ្ងៃទាំងយប់អស់រយៈពេល ៣ថ្ងៃមកហើយនៅតែមិនប្រទះសោះ។
គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កូនស្រី ហាលីហ្សា បានបាត់ខ្លួនពីផ្ទះអស់៧ថ្ងៃហើយ លោកបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ជួយស្វែងរកកូនស្រីរបស់គាត់ផង ព្រោះនាងនៅក្មេង គំនិតខ្ចី ងាយចាញ់ល្បួងជនខិលខូច។
ក្នុងនាមជាឪពុកលោក លី សារី សុំឲ្យកូនស្រីត្រឡប់មកផ្ទះវិញ ទោះក្នុងហេតុផលបែបណា លោកនឹងមិនប្រកាន់ខឹងកូនស្រីឡើយ សូមកូនអាណិតម្តាយដែលមានជំងឺបេះដូង ធ្លាក់ខ្លួនទ្រុឌទ្រោមឈឺនឹកបារម្ភពីកូន។ ហើយប្រសិនបងប្អូនណាបានប្រទះឃើញប្អូនស្រី ដែលមានភិនភាគដូចបង្ហាញជូនសូមទំនាក់ទំនងមកកាន់លេខ 093 918 902។
សូមបញ្ជាក់ថា, យុវវ័យមួយចំនួន ត្រូវបានចាញ់បោកការលួងលោមរបស់ជនខិលខូច ជាពិសេស ច្រើនសេពគប់ជាមួយនឹងមិត្តភក្កិមិនល្អ រហូតដល់ភ្លេចខ្លួន នៅអ្វីដែលជាបញ្ហាដល់សង្គម។ សង្ឃឹមថា, យុវតីបើបានចាកចេញពីផ្ទះនេះ ទទួលបានដំណឹងពីឪពុកម្ដាយ តាមរយៈគេហទំព័រក្នុងស្រុក គួរត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ដើម្បីបន្តការសិក្សា ឲ្យមានអនាគតល្អទៅមុខ និងជាកូនល្អ ជាពលរដ្ឋល្អក្នុងសង្គម៕
ដោយ ៖ សហការី