ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដែលប្រជានេសាទ ប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ នៅបឹងទន្លេសាប

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ បានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

         លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងសមត្ថកិច្ចចម្រុះ ដោយសង្កេតឃើញប្រជានេសាទនៅតែនេសាទហួសដែនកំណត់ ជាកន្លែងដែលហាមឃាត់  និងទប់ស្កាត់កុំឲ្យដាច់ពូជត្រីនៅរដូវវស្សា។ ករណីដែលចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបជាក់ស្ដែង តំបន់គោលដៅក្រុមការងារចម្រុះ បានចេញប្រតិបត្តិការជារៀងរាល់ថ្ងៃ និងណែនាំដល់បងប្អូនប្រជានេសាទទាំងអស់ មេត្តាចូលរួមការពារទប់ស្កាត់ត្រីនៅរដូវត្រីពងនេះផងដែរ។

      ការចុះបង្ក្រាបចាប់ពីចំណុចបឹងទទឹងថ្ងៃ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ លទ្ធផលទទួលបានដូចជា បង្ករសំណុំរឿងបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន១របាំងប្រវែង១២០០ម៉ែត្រ។ ឡុកចំនួន៤គ្រឿង លប/លូចំនួន៤ មាត់បង្គោលចំនួន៦០០ដើម ចាក់លែងត្រីស្រស់ចំរុះ ចំនួន ១០គីឡូក្រាមចូលទន្លេវិញ ។

       ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត ធ្វើការណែនាំអោយប្រជានេសាទធ្វើការរុះរើរបាំងសាច់អួនដោយខ្លួនឯង ចំនួន ៧គ្រួសារ ចាប់ពីចំណុចមុខព្រែកអំបែងចែស ដល់ចំណុចផ្សោត ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ព្រមទាំងមានការទទួលខុសត្រូវដោយខ្លួនឯង ៕

ដោយ៖ កែវ មុន្នី


ចែករំលែក៖