ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះដឹកនាំក្រុមការងារដែលមានលោក លោកស្រី ជាអនុប្រធាននិងសមាជិកគណៈកម្មាធិការសាខាលោក លោកស្រីសមាជិកគណៈកម្មាធិការអនុសាខា មេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងអ្នកស្ម័គ្រចិត្តកក្រក បាននាំអំណោយមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន១៥គ្រួសារ មកពី៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបូរី។
ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរ លោក អ៊ុំ រាត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ឌបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋទូរទាំងប្រទេសដែលជួបការលំបាក ។
នាពេលជាមួយគ្នានេះ លោកប្រធាន សូមអរគុណដល់អាជ្ញាធរភូមិ ឃុំនិងមណ្ឌលសុខភាពបត់ត្រង់ដែលបានសហការជាមួយសាខាកក្រកដោយសាខាបានយោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២។ លោកប្រធាន បានណែនាំបងប្អូនដែលផ្ទុកមេរោគអេដស៍ទាំងអស់គ្នាត្រូវចេះថែរក្សាសុខភាព បើមានបញ្ហាត្រូវរកមណ្ឌលសុខភាពឬមន្ទីរពេទ្យមិនត្រូវលាក់លៀម ព្រោះឥឡូវមិនមានការរើសអើងអ្វីនោះទេ។
អំណោយដែលសាខានាំមកនូវពេលនេះក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ២យួរ, ប្រេងឆា១ដប, ស្ករស១គីឡូក្រាម, ប្រេងកូឡា១ដប, ទឹកសុទ្ធ២យួរ,ជែលលាងសម្អាតដៃ៤ដប, សារុង១,អាវយឺតកមូល៥ ,ថវិកាសាខា និងថវិកាផ្ទាល់របស់ឯកឧត្តមនិងលោកជំទាវមួយចំនួនផងដែរ៕
ដោយ៖សហការី