មន្ត្រីអាល់ហ្សេរី នៅថ្ងៃទី ១៧ខែសីហាបានផ្សាយថា ភ្លើងឆេះព្រៃបានឆេះរាលដាលទ្រង់ទ្រាយធំនៅក្នុងខេត្តចំនួន១៤នៅភាគខាងជើងប្រទេសនេះបណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល់ហ្សេរី លោក Kamel Beldjoud បានប្រកាសថា មានមនុស្ស២៦នាក់ស្លាប់ក្នុងភ្លើងឆេះព្រៃនៅក្នុងខេត្តចំនួនពីរ គឺខេត្ត Sétif និង El Tarf នាភាគឦសាននៃប្រទេសនេះ ជាប់ព្រំដែនប្រទេសទុយណេស៊ី ។ ក្រៅពីអ្នកស្លាប់នៅមានមនុស្សជាច្រើនរងរបួសដោយការរលាកភ្លើង។
កន្លងមកក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងថា មានមនុស្ស៤នាក់ត្រូវរលាកភ្លើង និង៤១នាក់ថប់ដង្ហើម ស្លាប់នៅក្នុងតំបន់ Souk Ahras ជាស្រុកមួយជាប់ព្រំដែនទុយណេស៊ី។ ពលរដ្ឋនៅក្នុងស្រុកនេះ បានសម្រេចចាកចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាព។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថាមាន៣៥០គ្រួសារបានចាកចេញពីផ្ទុះនៅក្នុងតំបន់ Souk Ahras ទៅកាន់តំបន់មានសុវត្ថិភាព ក្នុងពេលដែលកម្លាំងសន្តិសុខបានសម្រេចបិទផ្លូវចេញចូលក្នុងតំបន់នេះ។
តាមក្រុមសន្តិសុខនៃប្រទេសអាល់ហ្សេរីបានឱ្យដឹងថា មានអណ្តាតភ្លើងឆាបឆេះ៣៩កន្លែងក្នុងខេត្តចំនួន១៤នៅក្នុងប្រទេសអាល់ហ្សេរី។ នៅក្នុងខេត្ត El Tarf មានភ្លើងឆេះព្រៃច្រើនជាងគេបំផុត ដោយមាន១៦កន្លែង ក្នុងនោះមានច្រើនកន្លែងមិនទាន់គ្រប់គ្រងបាននៅឡើយ។ នៅក្នុងខេត្តនេះមានពលរដ្ឋប្រមាណ៥០នាក់ចូលទៅកាន់មន្ទីរពេទ្យ ។
គិតចាប់តាំងពីដើមខែសីហាមកទល់ពេលនេះ មានអណ្តាតភ្លើងឆាបឆេះព្រៃឈើ១០៦កន្លែងនៅក្នុងប្រទេសអាល់ហ្សេរី បំផ្លាញព្រៃឈើជាង៨០០ហិកតា និង១៨០០ហិកតាវាលស្មៅ ក្នុងនោះមានអណ្តាតភ្លើងឆាបឆេះមួយកន្លែងបង្កឡើងដោយមនុស្ស៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)