ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់រងរបួសធ្ងន់ខណៈរថយន្តស៊េរីទំនើប០១គ្រឿងបើកបុកម៉ូតូពេញទំហឹង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ខណៈរថយន្តស៊េរីទំនើប០១គ្រឿងបើកបុកម៉ូតូរបស់គាត់ពេញទំហឹង គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង១០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1Q-3974 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TOYOTA RIVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2BK.2676 បើកបរដោយបុរសមិនស្គាល់ឈ្មោះ (បានគេចខ្លួនបាត់)ក្នុងទិសដៅពីជើងទៅត្បូង និងបានរេចង្កូតជ្រុលទៅបុកនិងកិនម៉ូតូបណ្តាលឱ្យយុវជនអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងដឹកជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖