ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២២សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យាលក់ក្របខ័ណ្ឌនគរបាល ខណៈក្រសួងកំពុងធ្វើកំណែទម្រង់កងកម្លាំងនគរបាល។ ប៉ុន្តែសម្តេចមិនបានបញ្ចេញឈ្មោះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន សម្ដេចក្រឡាហោមបាន ឱ្យដឹងថា ការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល បើគ្មានតម្លាភាព គឺគ្មានន័យ ហើយបញ្ហាទាំងនេះសម្ដេចក៏បានយកចិត្តទុកដាក់បំផុត ដើម្បីពង្រឹងគុណភាព នៃការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល។
សម្ដេចក្រឡាហោម បានឲ្យដឹងទៀតថា មានអ្នកចង់ធ្វើប៉ូលិសច្រើនណាស់ រួចនាំគ្នារត់ការដើម្បីចូលធ្វើប៉ូលិស ហើយផ្ដល់ថវិកាឲ្យគេជាមុន១ម៉ឺនដុល្លារ ឬ ៣ម៉ឺនដុល្លារ រួចហើយសន្យាថា ឆ្នាំក្រោយនឹងបានចូលធ្វើប៉ូលិស។
សម្ដេចក្រឡាហោមបញ្ជាក់ថា ទោះបីជាសម្ដេចជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏គ្មានសិទ្ធិចុះហត្ថលេខាផ្ដល់ក្របខណ្ឌ ដោយគ្មានការប្រឡងនោះទេ។ សម្ដេចគ្រាន់តែមានសិទ្ធិអនុញ្ញាតឲ្យចូលប្រឡង ប៉ុន្ដែប្រឡង ជាប់ ឬមិនជាប់ គឺលើខ្លួនឯងពោលគឺសម្ដេច គ្មានសិទ្ធជួយឡើយ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «មន្ដ្រីត្រូវពិន័យ ថ្នាក់អនុរដ្ឋលេខាធិការ ខ្ញុំស្នើទៅ សម្ដេចតេជោដកគឺដកចេញ ដើរសន្យាគេតែម្ដង ខ្ញុំមិនហែកកេរ្តិ៍ទេ អាហ្នឹងត្រូវអារកាត់ធ្វើ បើមិនចឹងទេ ដើរសន្យាលក់ក្របខណ្ឌ អាហ្នឹងអត់បានទេ។ យើងកំពុងធ្វើកំណែ ទម្រង់នគរបាល ដើម្បីឈានទៅដល់មានគុណភាព ប្រសិទ្ធិភាព ដើម្បីបម្រើប្រជាពលរដ្ឋ»។
សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការហួសចិត្តចំពោះអ្នកជឿទុកចិត្តគេ ដើម្បីចូលធ្វើប៉ូលិស។ យ៉ាង ណាក៏ដោយសម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទាំងនេះ កុំឲ្យចាញ់បោកគេតទៀត៕
ដោយ៖ សិលា