មានរូបភាពវីដេអូជាច្រើនបង្ហាញពីការផ្ទុះឆេះឃ្លាំងគ្រាប់របស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនត្រូវបានចែកចាយនៅលើបណ្តាញសង្គម។ រូបភាពបង្ហាញឱ្យឃើញថា ការផ្ទុះឆេះបង្កឱ្យមានដុំភ្លើងយ៉ាងធំ និងផ្សែងខ្មួលខ្មាញ់គ្របដណ្តប់ពេញដែនអាកាស។
អភិបាលរដ្ឋតំបន់ Belgorod របស់រុស្ស៊ី លោក Vyacheslav Gladkov នៅយប់ថ្ងៃទី១៨ខែសីហាបានឱ្យដឹងថា «ឃ្លាំងគ្រាប់និងអាវុធជាច្រើនត្រូវបានផ្ទុះឆេះស្ថិតនៅក្នុងភូមិ Timonovo ស្រុក Valuysky ។ តាមរបាយការណ៍ថ្មីបំផុតការផ្ទុះឆេះនោះ មិនបណ្តាលឱ្យមានអ្នកស្លាប់និងរបួសឡើយ។ មន្ត្រីក្នុងតំបន់បានជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព»។
ក្រុមពន្លត់អគ្គិភ័យក្នុងតំបន់បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព ។ ក្រោយការផ្ទុះឆេះនោះ ក៏មានសំឡេងផ្ទុះជាបន្តបន្ទាប់ផងដែរ។ ចាប់តាំងពីយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនមក ក៏មានការវាយប្រហារជាច្រើនទៅលើទីតាំងយោធារបស់រុស្ស៊ីផងដែរ។
កន្លងមក ក៏មានករណីផ្ទុះឃ្លាំងគ្រាប់នៅអាកាសយានដ្ឋានយោធា រុស្ស៊ី នៅក្នុងតំបន់គ្រីមៀ បំផ្លាញសម្ភារសឹកជាច្រើនរបស់រុស្ស៊ី ៕
ដោយ៖ ធីរីណា(រូបថត ៖ Twitter/AP)