ព័ត៌មានទាន់ហេតុការណ៍៖

Wolver ទិញបានខ្សែបម្រើ Matheus Nunes ក្នុងតម្លៃកំណត់ត្រាក្លិបពីSporting

ចែករំលែក៖

ក្លិប Wolverhampton Wanderers បានចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Matheus Nunes ពី Sporting Lisbon ដែលក្លិបនៅ Premier League បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ សីហានេះ។

តម្លៃ​ខ្លួន​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ទេ ប៉ុន្តែក្រុម Wolver បាន​បញ្ជាក់​ថា ​វា​ជាតម្លៃកំណត់​ត្រា​របស់​ក្លិប ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​រាយការណ៍​ថា ​មាន​ប្រហែល៣៨លាន​ផោន។ តម្លៃផ្ទេរនឹងលើសពី៣៥លានផោនដែល Wolver ចំណាយសម្រាប់ខ្សែប្រយុទ្ធ Fabio Silva ក្នុងឆ្នាំ២០២០។

Nunes វ័យ២៣ឆ្នាំបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្រុម Wolver ជាមួយនឹងជម្រើសមួយឆ្នាំ។គាត់មានរបកគំហើញរបស់គាត់ក្នុងរដូវកាល ២០២០–២០២១ នៅពេលដែលគាត់បានជួយក្រុម Sporting ឲ្យឈ្នះពានលីគ និងពានព័រទុយហ្គល់ League Cup។

Nunes បានលេងការប្រកួតដំបូងរបស់គាត់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងឆ្នាំ២០២១ទល់នឹងកាតា ហើយមាន៨ប្រកួត និងរកបាន១គ្រាប់សម្រាប់ក្រុម។

ប្រធានក្លិបលោក Jeff Shi បាននិយាយថា “Matheus Nunes មានរដូវកាលដ៏ល្អចំនួន២នៅកម្រិតកំពូលនៅប្រទេសព័រទុយហ្គាល់ជាមួយក្រុមSporting ហើយត្រូវបានចាត់ទុកថា ជាកីឡាករដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងបាល់ទាត់ពិភពលោក។ ដូច្នេះក្លិបពិតជារំភើបណាស់ដែលគាត់បានជ្រើសរើស Premier League និង Wolver ជាជំហានបន្ទាប់នៅក្នុងអ្វីដែលយើង សង្ឃឹមថានឹងក្លាយជាអាជីពដ៏អស្ចារ្យ”​។

គួរបញ្ជាក់ថា បន្ទាប់ពីបរាជ័យ និងស្មើក្នុង២ប្រកួតដំបូងរបស់ពួកគេនៃរដូវកាលថ្មី Premier League ដែល Nunes នឹងក្លាយជាកីឡាករបន្ថែមដើម្បីស្វាគមន៍ចំពោះក្រុមរបស់លោក Bruno Lage មុនពេលធ្វើដំណើរទៅជួបក្រុម Tottenham Hotspur នៅចុងសប្តាហ៍នេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖