ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកថ្ម (ក្រុមហ៊ុន ខេសុីមិន)បើកបុកម៉ូតូពីក្រោយហើយកិនអូសជាង១០០ម៉ែត្របណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដដឹកថ្មមួយគ្រឿងរបស់(ក្រុមហ៊ុន ខេសុីមិន)បានបើកបុកបុរសម្នាក់កំពុងបើកម៉ូតូតាមដងផ្លូវចំពីក្រោយ និងកិនអូសជាង១០០ម៉ែត្របណ្ដាលឱ្យរងរបួសធ្ងន់។ ចំណែកម្ចាស់រថយន្ដបង្កបានចុះពីលើរថយន្ដគេចខ្លួនបាត់ កាលពីវេលាម៉ោង៩ និង៤០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមវិថីចោមចៅ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់៎ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដដឹកថ្ម ពណ៌ទឹកក្រូចមួយគ្រឿងជា របស់ក្រុមហ៊ុន ខេសុីមិន ពាក់ស្លាកលេខភ្នំពេញ3D-0281 ធ្វើដំណើរតាមវិថីចោមចៅ ពីកើតទៅលិចក្នុងល្បឿនលឿន ហើយខណៈពេលមកដល់ចំណុចកើតហេតុក៏បានបុកបុរសម្នាក់ដែលកំពុងតែជិះម៉ូតូម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1IZ-5370ពីក្រោយដែលធ្វើដំណើរស្របទិសគ្នាពេញទំហឹង ហើយកិនអូសជាប់ក្រោមរថយន្ដជាង១០០ម៉ែត្រ បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ។ ភ្លាមៗនោះតៃកុងរថយន្តបង្កហេតុបានចុះគេចខ្លួនបាត់ស្រមោល។ ដោយឡែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្ដសាមុយមកដឹកយកទៅសង្រ្គោះ តែបើនិយាយពីរថយន្ដសាមុយខាងរដ្ឋវិញប្រើពេលវេលាជាង១ម៉ោងទើបបានមកដល់ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខឹងយ៉ាងខ្លាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះ និងរថយន្ដបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រោយពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖